រដ្ឋបាលខេត្តកណ្តាលនាំយកគ្រឿងឧបភោគបរិភោគ ជូនមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅស្រុកកណ្តាលស្ទឹង
AKP កណ្ដាល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦--លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ សម្ភារប្រើប្រាស់ជាច្រើន ក៏ដូចជាថវិកាមួយចំនួន ទៅប្រគល់ជូនដល់មណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្រុកកណ្តាលស្ទឹង ដើម្បីចូលរួមចំណែកក្នុងការជួយសម្រួលដល់ការស្នាក់នៅ និងការព្យាបាលបងប្អូនដែលកំពុងទទួលសេវាស្តារនីតិសម្បទា។

ក្នុងឱកាសនោះ លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ការនាំយកអំណោយមកផ្តល់ជូននាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខុមាលភាពរបស់បងប្អូនដែលកំពុងស្នាក់នៅទីនេះ ដល់មណ្ឌលត្រូវយកចិត្តទុកដាក់ចំពោះបងប្អូនដែលបានទទួលការស្ថានីតិសម្បទាទាំងអស់ និងខិតខំព្យាបាល ដើម្បីឆាប់បានត្រឡប់ទៅជួបជុំគ្រួសារ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិវិញ។

តាមស្ថិតិរបស់មណ្ឌលជនរងគ្រោះ ដែលបានទទួលការស្ដារនីតិសម្បទាក្នុងឆ្នាំ២០២៦ គិតថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានចំនួន ៤ ៣៣៤នាក់ (ស្រី២៣៦នាក់) ក្នុងនោះបានធ្វើសមាហរណកម្ម ចំនួន ២ ០៥៥នាក់ ស្រី ១១៨នាក់ នៅសល់ជាក់ស្តែង ចំនួន ២ ២៧៩នាក់ ស្រី ១១៨នាក់។ អំណោយដែលបានប្រគល់ជូនរួមមាន អង្ករចំនួន ៥ ០០០គីឡូក្រាម មី ចំនួន ១០០កេស ទឹកបរិសុទ្ធ ៣០០កេស ភេសជ្ជៈ៥០កេស ត្រីខកំប៉ុង ៥០យួរ ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ឃីត មុងភួយ ២០០ឈុត ក្រមាចំនួន ១០០ក្រមា និងថវិកាចំនួន ១០លានរៀល៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





