រដ្ឋបាលជលផល និងwonder of mekong ព្រលែងត្រីគង់រាំង ១ក្បាល និងត្រីរាជ១ក្បាល ចូលបឹងទន្លេសាប
AKP ភ្នំពេញថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦– រដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ wonder of mekong កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់ បានព្រលែង ត្រីគល់រាំង ទម្ងន់ ៨គីឡូក្រាម មួយក្បាល និងត្រីរាជ ១ក្បាល ទម្ងន់ ៤០ គីឡូក្រាម ចូលបឹងទន្លេសាប។

ការព្រលែងនេះ មានការចូលរួមពីក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមាន លោក ភុន សុវណ្ណា ដែលជានាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដឹកនាំកំលាំងពីផ្នែក រដ្ឋបាលជលផលក្រគរ និងសង្កាត់រដ្ឋបាលជលផលកំពង់លួង ដោយមានការចូលរួមពីក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប។

កងកម្លាំងរាជអាវុធហត្ថស្រុកក្រគរ និងសហគមន៍នេសាទអន្លង់រាំង បានចូលរួមលែងប្រភេទត្រីកម្រ និងជិតផុតពូជចូលទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់ មានដូចជា ត្រីគល់រាំង ទម្ងន់ ៨គីឡូក្រាម មួយក្បាល មានប្រវែងដងខ្លួន ៧៣សង់ទីម៉ែត្រ ដែលត្រូវបានប្រគល់ឱ្យដោយប្រជានេសាទឈ្មោះ អ៊ុក នី រស់នៅភូមិទី២ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងត្រីរាជ ០១ក្បាល ទម្ងន់ ៤០ គីឡូក្រាម ប្រវែងដងខ្លួន ១៦៣ សង់ទីម៉ែត្រ ដែលត្រូវបានប្រគល់ឱ្យដោយប្រជានេសាទឈ្មោះ ហោ ហៀង រស់នៅភូមិអន្លង់រាំង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

នេះជាលើកទី៣ ហើយ សម្រាប់ក្នុងឆ្នាំ២០២៦នេះ ដែលប្រជានេសាទបានប្រគល់ប្រភេទជិតផុតពូជ ដែលសរុបទាំងអស់ចំនួន ០៥ក្បាល ដែលមានត្រីគល់រាំងចំនួន ០២ក្បាល និងត្រីរាជចំនួន ០៣ក្បាល ៕
ដោយ៖ ណយ នឿន (ប្រភព៖wonder of mekong)





