ឯកឧត្តម សុខ លូ ជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីដើម្បីទៅចូលហ្វឹកហ្វឺន
AKP បាត់ដំបង ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦– ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិនថ្មីនៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ចំនួន ២៦នាក់ ដើម្បីចូលហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដែលពិធីនេះធ្វើឡើងនៅបរិវេណបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានចាត់ទុកការហ្វឹកហាត់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កងទ័ពក្នុងការក្រេបយកចំណេះជំនាញដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងបម្រើអង្គភាព។យោធិនទាំងអស់ត្រូវខិតខំហ្វឹកហាត់ឱ្យបានចប់តាមកម្មវិធីរបស់សាលាដើម្បីយកចំណេះជំនាញនោះមកបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ។ អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ឱ្យបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីស្នេហាជាតិរួមគ្នាជាធ្លុងមួយ ក្រោមការដឹងនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចជាថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ យោធិនថ្មីត្រូវគោរពឱ្យបានដាច់ខាតនូវវិន័យរបស់សាលា បទបញ្ជារបស់កងកម្លាំង ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លើកឡើងពីវិបត្តិប្រេងឡើងថ្លៃ ដែលបញ្ហានេះពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដូចគ្នាមិនមែនមាននៅតែកម្ពុជានោះទេ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានខិតខំដោះស្រាយជាបន្តបន្ទាប់។ ឯកឧត្តម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមកុំទិញប្រេងស្តុកទុកចៀសវាងបណ្តាលឱ្យមានហានិភ័យជាយថាហេតុកើតឡើង និងកុំបារម្ភពីការខ្វះខាតប្រេង ខណៈបច្ចុប្បន្នកម្ពុជាមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ។

ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងយោធិនទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងណែនាំឱ្យចេះរាយការណ៍ករណីគ្រឿងញៀនតាមកម្មវិធីទូរស័ព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០ភាគរយ រួមគ្នាកំចាត់បញ្ហាគ្រឿងញៀនឱ្យអស់ពីសង្គម ៕

ដោយ៖ ណយ នឿន ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





