រដ្ឋសភាណែនាំពីការចូលរួមកាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈ ក្នុងអំឡុងពេលបំពេញការងារ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦--រដ្ឋសភា កម្ពុជាបានចេញសេចក្តីណែនាំស្តីពីការចូលរួមកាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈ ក្នុងអំឡុងពេលបំពេញការងារ។
យោងតាមសេចក្តីណែនាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានលើកឡើងថាដើម្បីចូលរួម កាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ធនៈ នៅវិមានរដ្ឋសភា និងតាមទីស្នាក់ការ តំណាងរាស្ត្រមណ្ឌលរាជធានីខេត្តទាំងអស់ក្នុងអំឡុងពេលបំពេញការងារ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូម ដាក់ចេញនូវវិធានការបណ្តោះអាសន្ន ចូលរួមកាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និង ប្រេងឥន្ធនៈ ដូចខាងក្រោម៖
១- ត្រូវកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ការិយាល័យ សាលប្រជុំនានា ត្រឹម ២៥អង្សាសេ ចៀសវាងប្រើប្រាស់ម៉ាស៊ីនត្រជាក់លើសពីតម្រូវការ។
២- ត្រូវបិទអំពូលភ្លើង ម៉ាស៊ីនត្រជាក់ និងដកឌុយចេញពីឧបករណ៍បរិក្ខារអគ្គិសនីគ្រប់ប្រភេទដែល មិនចាំបាច់ ឬនៅពេលឈប់ប្រើប្រាស់ នៅពេលម៉ោងសម្រាក និងមុនពេលចាកចេញពីបន្ទប់ ការិយាល័យ សាលប្រជុំ។
៣- ចំពោះការបំភ្លឺទីសាធារណៈ ឬតាមរបង ត្រូវកំណត់ពេលបើក-បិទ ឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ចៀសវាងបំភ្លឺពេលមិនទាន់ងងឹត និងបើកចោលពេលព្រឹក នៅពេលមានពន្លឺថ្ងៃ។
៤- លើកទឹកចិត្តឱ្យបើកវាំងននប្រើប្រាស់ពន្លឺព្រះអាទិត្យឱ្យអស់លទ្ធភាព ជំនួសការបើកអំពូលភ្លើង។
៥- ធ្វើការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ ដោយកាត់បន្ថយការចុះបំពេញបេសកកម្មក្នុងប្រទេស និងក្រៅប្រទេស។
ទទួលបានសេចក្តីណែនាំនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ ប៊ុនរិទ្ធ





