អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលវឌ្ឍនភាព ការកែលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅចំណុចជ្រោះសែនសុខ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦--លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការកែលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅចំណុចជ្រោះសែនសុខ ដែលប្រកបដោយសោភណភាព ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត។

ក្នុងឱកាសនេះ លោកជំទាវអភិបាលខេត្តមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម ហើយបច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិនបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើងដើម្បី ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុងប្រកបដោយសោភណភាពស្រស់បំព្រងក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តក្នុងខេត្តប៉ៃលិនឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកជំទាវបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់រួមគ្នាសម្អាតនៅមុខផ្ទះនិងទីតាំងអាជីវកម្មរបស់ខ្លួនឱ្យបានជាប្រចាំ ជាពិសេសអាជីវករលក់ដូរនៅតាមទីសាធារណៈ និងតាមសួនច្បារ ត្រូវវេចខ្ចប់កាកសំណល់សំរាមឱ្យបានល្អ និងនាំយកទៅទុកដាក់ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតគឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តប៉ៃលិនកំពុងស្ថាបនាបន្ថែមអគារបណ្ណាល័យ និងរូបបដិមាព្រះពុទ្ធផ្ចាញ់មារដ៏ធំនៅចំណុចជ្រោះសែនសុខ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សោភណភាព និងវិស័យព្រះសាសនាដែលជាសាសនារបស់រដ្ឋ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន)





