ក្រសួងធនធានទឹក និងឧតុនិយមបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា និងវាយតម្លៃផលប៉ះពាល់នៃវិបត្តិថាមពលសកល លើការងារវិស្វកម្ម និងកិច្ចអន្តរាគមន៍ធនធានទឹក
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សា និងវាយតម្លៃលើស្ថានភាពរីករាលដាលនៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងបង្កឱ្យមានការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈលើទីផ្សារសកល។

កិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅលើការសិក្សាពីផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល មកលើគម្រោងវិស្វកម្ម ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងការងារអន្តរាគមន៍នានាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់នាយកដ្ឋាន និងមន្ទីរជំនាញទាំងអស់ប្រើប្រាស់ទឹក និងថាមពលដោយមានភាពសន្សំសំចៃខ្ពស់បំផុត និងកាត់បន្ថយការចំណាយមួយចំនួនដែលពុំចាំបាច់ដើម្បីជួយសន្សំការចំណាយ ដើម្បីធានាថាការងារសាងសង់ និងថែទាំប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេស នៅតែអាចដំណើរការទៅបានដោយរលូន ទោះបីជាស្ថិតក្នុងសម្ពាធនៃវិបត្តិថាមពលក៏ដោយ ព្រមទាំងបង្កើនប្រសិទ្ធភាពការងារ និងការត្រៀមលក្ខណៈកែសម្រួលវិធានការបច្ចេកទេសឱ្យស្របតាមស្ថានភាពជាក់ស្តែង សំដៅការពារផលប្រយោជន៍របស់ប្រជាកសិករ និងធានាសុវត្ថិភាពសន្តិសុខទឹកក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងមានភាពប្រែប្រួលខ្លាំង៕


ដោយ វាសនា (ប្រភព៖ ក្រសួងធនធានទឹក)





