អភិបាលស្រុកសណ្ដាន់នាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនឧបត្ថម្ភដល់បងប្អូនវីរកងទ័ពនៅទិសខេត្តុព្រះវិហារ
AKPកំពង់ធំថ្ងៃទី២៣ខែមីនាឆ្នាំ២០២៦--លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ មន្រ្តីរដ្ឋបាលស្រុកនិងក្រុមប្រឹក្សាស្រុករួមជាមួយកងកម្លាំង ផ្នែកសឹករងស្រុកសណ្តាន់ បានចុះសួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនប្រកបដោយក្តីនឹករលឹក និងដឹងគុណចំពោះបងប្អូនវីរកងទ័ពដែលបានលះបង់ប្រកបដោយវីរៈភាពអង់អាចក្លាហាននៅទិសស្រុកជាំក្សាន ខេត្តព្រះវិហារកាលពីថ្ងៃទី២២ខែមីនា ឆ្នាំ២០១៦។

ក្នុងឱកាសនោះលោកអភិបាលស្រុក បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅនិងការគោរពស្រឡាញ់ចំពោះវីរកងទ័ពយើងដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការការពារសន្តិភាពនិងអធិបតេយ្យភាពជាតិដើម្បីឱ្យប្រជាជនរស់នៅប្រកបដោយសុខសុវត្ថិភាព។

លោក ស៊ិន វណ្ណវុឌ្ឍ បានបញ្ជាក់ថាវិរភាពអង់អាចក្លាហានរបស់វីរកងទ័ពយើងបានបង្ហាញពីភាពរឹងមាំការមិនខ្លាចនិងការតាំងចិត្តរឹងមាំក្នុងការប្រឈមមុខនឹងឧបសគ្គឬគ្រោះថ្នាក់។មនុស្សដែលមានវិរៈភាពអង់អាចក្លាហានតែងតែសម្រេចចិត្តធ្វើអ្វីដែលត្រឹមត្រូវ ទោះបីជាត្រូវប្រឈមមុខនឹងការលំបាកឬការភ័យខ្លាចក៏ដោយ។ ពួកគាត់មិនរត់គេចពីបញ្ហាទេប៉ុន្តែឈរជាប់ដើម្បីការពារ អ្នកដទៃឬដើម្បីសម្រេចគោលដៅដ៏សំខាន់មួយ។ វិរៈភាពនេះអាចបង្ហាញបានក្នុងរូបរាងផ្សេងៗតែដើម្បីការពារជាតិនិងប្រជាជនពីគ្រោះថ្នាក់ ការឈរពីក្រោយសេចក្ដីត្រឹមត្រូវនិងយុត្តិធម៌។ការអត់ធ្មត់និងមិនចុះចាញ់ក្នុងការប្រឈមមុខនឹងបញ្ហាជីវិតការជួយអ្នកដទៃដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។

លោក ស៊ិន វណ្ណវុឌ្ឍអភិបាលស្រុកសណ្ដាន់ បានផ្ដាំផ្ញើដល់វីរកងទ័ពយើងសូមបន្តរក្សាវិរៈភាពអង់អាចក្លាហាននិងស្មោះត្រង់ក្នុងភារកិច្ចដ៏មានតម្លៃនេះ។ ថែរក្សាសុខភាពនិងសុវត្ថិភាពរបស់ខ្លួន ខណៈពេលកំពុងបំពេញភារកិច្ចដ៏សំខាន់សម្រាប់ជាតិ។ ត្រូវខិតខំរស់នៅដោយសន្តិភាព សហការគ្នានិងគោរពច្បាប់ដើម្បីជួយបន្តអ្វីដែលវីរកងទ័ពបានការពារនិងលះបង់។ការរួមចំណែករបស់មនុស្សគ្រប់រូបគឺជាកម្លាំងធំមួយក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពទាំងអស់ដែលបានលះបង់ពេលវេលាកម្លាំងនិងសូម្បីជីវិតដើម្បីឱ្យប្រទេសយើងមានសន្តិភាពនិងអនាគតល្អប្រសើរ៕
ដោយ៖ ស៊ុម វណ្ណា





