ឯកឧត្ដម អ៊ុំ រាត្រី ចុះសំណេះសំណាលដល់ខ្នងផ្ទះ បង្ហាញក្ដីមេត្តាធម៌ចំពោះបងប្អូនភៀសសឹកនៅស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦--ក្ដីរំភើប និងស្នាមញញឹមបានរីកសុះសាយពាសពេញភូមិស្លក្រាម ខណៈដែលបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលធ្លាប់រស់ក្នុងភាពមិនច្បាស់លាស់ បានមកដល់ជម្រកថ្មីដ៏សមរម្យ។ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះផ្ទាល់ដល់ខ្នងផ្ទះ ដើម្បីសួរសុខទុក្ខ និងពិនិត្យមើលជីវភាពរស់នៅបណ្ដោះអាសន្នរបស់បងប្អូនដែលទើបផ្លាស់ទីមកពីវត្តកណ្តោល ក្នុងឃុំគោករមៀត ស្រុកថ្មពួក។

ក្នុងឱកាសចុះសួរសុខទុក្ខតាមខ្នងផ្ទះនីមួយៗ ឯកឧត្ដម អ៊ុំ រាត្រី បានបង្ហាញនូវទឹកមុខពោរពេញដោយក្ដីអាណិតស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់បំផុត។ ឯកឧត្ដមបានបញ្ជាក់ថា ការរៀបចំជម្រកនេះឡើង គឺជាកិច្ចការអាទិភាពបំផុតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធានាថា បងប្អូនដែលមិនទាន់អាចត្រឡប់ទៅភូមិឋានដើមវិញបាន នឹងមានកន្លែងស្នាក់នៅដែលមានសុវត្ថិភាព មានសេចក្ដីថ្លៃថ្នូរ និងមានផាសុកភាព។

«ការរៀបចំដីឡូតិ៍ទំហំ ២០គុណ៣០ម៉ែត្រ ព្រមទាំងផ្ទះដែលមានទឹក ភ្លើង និងបង្គន់អនាម័យត្រឹមត្រូវនេះ គឺដើម្បីឱ្យបងប្អូនមានភាពកក់ក្ដៅ។ រាជរដ្ឋាភិបាលមិនត្រឹមតែផ្ដល់ជម្រកទេ ប៉ុន្តែថែមទាំងជួយសម្រួលថ្លៃទឹក-ភ្លើង រយៈពេលមួយឆ្នាំពេញ ដើម្បីកាត់បន្ថយបន្ទុកជីវភាពបងប្អូនក្នុងដំណាក់កាលអន្តរកាលនេះ»។ នេះជាប្រសាសន៍សង្កត់ធ្ងន់របស់ឯកឧត្តមអភិបាលខេត្ត។

ប្រជាពលរដ្ឋភៀសសឹកដែលបានចូលមករស់នៅជំហានដំបូងជិត ៨០០គ្រួសារ បានសម្ដែងនូវសេចក្ដីរីករាយឥតឧបមា។ អ្នកស្រីម្នាក់ដែលទើបតែរៀបចំឥវ៉ាន់ចូលក្នុងផ្ទះថ្មី បានរៀបរាប់ទាំងទឹកភ្នែករំភើបថា៖ «ពីមុនយើងរស់នៅទាំងបារម្ភ ប៉ុន្តែពេលមកដល់ទីនេះ ឃើញផ្ទះរឹងមាំ មានសាលារៀន ក្បែរមណ្ឌលសុខភាព និងមានអាជ្ញាធរចុះមកសួរសុខទុក្ខដល់មាត់ទ្វារផ្ទះបែបនេះ ធ្វើឱ្យពួកខ្ញុំមានអារម្មណ៍ថាដូចបានកើតថ្មី និងមានសុវត្ថិភាពបំផុត»។ តាមរយៈការរៀបចំនេះ បងប្អូនប្រជាពលរដ្ឋបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើការដោះស្រាយរបស់រាជរដ្ឋាភិបាល ដែលមិនត្រឹមតែគិតគូរពីសុខុមាលភាពបច្ចុប្បន្ន ប៉ុន្តែថែមទាំងប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដីតាមយន្តការសន្តិវិធីផងដែរ។

យោងតាមរបាយការណ៍ គិតត្រឹមពេលនេះ ផ្ទះជាង ៣០០ខ្នង ត្រូវបានសាងសង់រួចរាល់សម្រាប់ជំហានទី១ ខណៈដែលគោលដៅសរុបចំនួន ៣.០០០ខ្នង កំពុងត្រូវបានសម្រុកសាងសង់យ៉ាងសស្រាក់សស្រាំ។

ជំហានបន្ទាប់ ការចាប់ឆ្នោតជ្រើសរើសផ្ទះ និងដីឡូតិ៍ជំហានទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ហេដ្ឋារចនាសម្ព័ន្ធ ក្រៅពីផ្ទះស្នាក់នៅ ទីតាំងនេះក៏មានសាងសង់សាលារៀន មណ្ឌលសុខភាព និងទីស្នាក់ការសន្តិសុខ ដើម្បីបម្រើសេវាសាធារណៈឱ្យនៅជិតដៃប្រជាពលរដ្ឋបំផុត។ ការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានប្រែក្លាយតំបន់ស្នាក់នៅបណ្ដោះអាសន្ននេះ ទៅជាសហគមន៍មួយដែលពោរពេញដោយក្ដីសង្ឃឹម និងការជឿជាក់យ៉ាងពិតប្រាកដ៕
ដោយឈុនសារ៉ាត





