ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ចាត់ទុកការចូលរួមពី អ៊ីម៉ាំ គ្រូគង្វាល បូជាចារ្យ និងក្រុមជំនុំ អាចបញ្ជូនសារអប់រំពីបញ្ហាគ្រឿងញៀន ទៅគ្រួសារ សហគមន៍ បានកាន់តែឆាប់រហ័ស
AKP កំពង់ស្ពឺ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦--
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ចាត់ទុកថា ការចូលរួមពី អ៊ីម៉ាំ គ្រូគង្វាល បូជាចារ្យ និងក្រុមជំនុំ អាចបញ្ជូនសារអប់រំពីបញ្ហាគ្រឿងញៀននិង App NoDrug ចូលទៅគ្រួសារ សហគមន៍ បានកាន់តែឆាប់រហ័ស។ ការលើកឡើងបែបនេះ ក្នុងពិធីបិទ សិក្ខាសាលាការលើកកម្ពស់ ការផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់ អ៊ីម៉ាំ គ្រូគង្វាល បូជាចារ្យ និងក្រុមជំនុំនៃក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

តាមរបាយការណ៍របស់លោក ង៉ែត សារ៉ាត់ តំណាងក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា សាខាខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់កិច្ចសហការយ៉ាងល្អរវាង អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្ត ដែលបានផ្តល់ឱកាសឱ្យវិស័យសាសនា អាចចូលរួមការងារសង្គម ជាពិសេសការងារផ្សព្វផ្សាយព័ត៌មានពិតពីបញ្ហាគ្រឿងញៀនដល់បរិស័ទរបស់ខ្លួន។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនៅប្រសាសន៍របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងនូវការកោតសរសើរ អំណរគុណ ដល់អ៊ីម៉ាំ គ្រូគង្វាល បូជាចារ្យ និងក្រុមជំនុំ ដែលមកចូលរួមបង្កើនចំណេះដឹង ចែករំលែកបទពិសោធន៍ ក្នុងគោលបំណងរួមគ្នាជួយសហគមន៍យើងឱ្យមានសុវត្ថិភាព ពីបញ្ហាគ្រឿងញៀនដែលជាដើមចមនៃបទល្មើសផ្សេងៗ។


ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តថា ឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការដាក់ចេញ នូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់ បន្តអនុវត្តយុទ្ធសាស្រ្តពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បទបញ្ជា វិធានការដ៏ម៉ឺងម៉ាត់ សំដៅពង្រឹងប្រសិទ្ធភាពការងារផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។

ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក បានថ្លែងបន្ថែមថា វិធានការផ្សព្វផ្សាយ អប់រំ ផ្តល់ព័ត៌មានពិតបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ ជាការងារអាទិភាពដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន វិស័យសាសនាត្រូវចូលរួម ហើយចំណេះដឹងដែល អ៊ីម៉ាំ គ្រូគង្វាល បូជាចារ្យ និងក្រុមជំនុំទទួលបាននាពេលនេះគឺពិតជាអាចចូលរួមចំណែកលើកកម្ពស់បាននូវប្រសិទ្ធភាព ការងារផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រឿងញៀននិងការជំរុញការប្រើប្រាស់ App NoDrug បានផុលផុស ចូលបានកាន់តែឆាប់រហ័ស ដល់សមាជិកក្នុងផ្ទះ សហគមន៍ ដើម្បីចាកចេញឆ្ងាយពីបញ្ហាគ្រឿងញៀន " ផ្ទះអ្នក ផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិអ្នក ភូមិខ្ញុំនឹងគ្មានគ្រឿងញៀន សហគមន៍នឹងគ្មានគ្រឿងញៀន "។


ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា សិក្ខាកាមបានយល់ដឹងពីអ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើប្រាស់គ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug ៕
ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





