សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះសិល្បករ សិល្បការិនី ដែលចូលរួមអាណិតនាយក្រិន និងថែទាំ ក្នុងខណៈមានជំងឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរជាណាចក្រកម្ពុជា បានកោតសរសើរចំពោះសិល្បករ សិល្បការិនីដែលចូលរួមអាណិតនាយក្រិន និងថែទាំ ក្នុងខណៈមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា ព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខនាយក្រិន ដែលកំពុងមានជំងឺនៅមន្ទីរពេទ្យកាលម៉ែត។ សម្ដេចតេជោបន្តថា ខ្លួនឈឺ ឪពុកមរណភាព ដែលមិនហ៊ានឱ្យនាយក្រិនដឹង គឺជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជីវិតនាយក្រិន។ សម្តេចតេជោក៏សូមកោតសរសើរចំពោះសិល្បករ សិល្បការិនីដែលចូលរួមអាណិតនាយក្រិន ពិសេសស្រីនិចហៅប្រិមប្រិយ និងប្អូនដែលសុទ្ធចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។

សម្តេចតេជោបានបន្ថែមថា៖ «ខ្ញុំបានប្រគល់ការងារឱ្យប្រិមប្រិយ (ស្រីនិច) ទៅជួយរៀបចំកូននាយក្រិនទាំង៣នាក់ នៅបាត់ដំបងឱ្យបានចូលរៀនឡើងវិញ ក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ។ សូមអរគុណក្រុមគ្រូពេទ្យដែលបានជួយព្យាបាលនាយក្រិន»៕
ដោយ៖ ជឹម ណារី





