រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ចុះពិនិត្យសារមន្ទីព្រះវិហារអដ្ឋរស្សក្រោយជួសជុលឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៦–
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចុះពិនិត្យសារមន្ទីព្រះវិហារអដ្ឋរស្សដែលត្រូវបានជួសជុល និងអភិរក្សព្រះវិហារ ព្រមទាំងព្រះពុទ្ធអដ្ឋរស្សឡើងវិញដើម្បីសម្រាប់ជាទីកន្លែងគោរពបូជា កន្លែងទេសចរណ៍ និងក៏ដូចជាកន្លែងសិក្សាស្រាវជ្រាវ។

គួរបញ្ជាក់ថាសារមន្ទីព្រះវិហារអដ្ឋរស្សមួយកន្លែងនេះត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការជួសជុលចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥។ ការងារនេះត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្នក្នុងគោលដៅថែរក្សាព្រះវិហារ និងព្រះពុទ្ធអដ្ឋរស្សឱ្យបានយូរអង្វែង។
ក្នុងដំណើរអញ្ជើញចុះពិនិត្យដែលធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦កន្លងមករដ្ឋមន្ត្រីក្រសួងវប្បធម៌មានមន្រ្តីក្រសួងវប្បធម៌ ដោយមានភាគីពាក់ព័ន្ធជាច្រើនបានចូលរួម។

សូមបញ្ជាក់ថា ព្រះពុទ្ធ និងព្រះវិហារអដ្ឋរស្សត្រូវបានសាងសង់ឡើងនៅសម័យកណ្ដាល ប្រហែលជាក្នុងរាជព្រះបាទអង្គច័ន្ទឆ្នាំ១៥៤៦ ដោយប្រើប្រាស់ថ្មប្រាសាទបុរាណសម័យអង្គរនៃរចនាបថឃ្លាំងនាសតវត្សរ៍ទី១១ និងត្រូវបានជួសជុលមកជាបន្តបន្ទាប់ ដោយព្រះមហាក្សត្រ និងអាជ្ញាធរខ្មែររៀងមក។

ព្រះវិហារអដ្ឋរស្ស នឹងក្លាយជាសារមន្ទីវប្បធម៌មួយដែលជាទីកន្លែងទេសចរណ៍ថ្មីមួយនៅលើភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស ដែលបងប្អូនខ្មែរយើងនិយមហៅថា ភ្នំឧដុង្គ ដែលជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្រ និងជាបូជនីយដ្ឋានដ៏ចំណាស់មួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល និងជាទីកន្លែងស្រាវជ្រាវសម្រាប់អ្នកសិក្សាផងដែរ៕
ដោយ៖មករា





