អភិបាលក្រុងសំរោង នាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា នៅសង្កាត់កូនគ្រៀល និងសង្កាត់សំរោង ក្រុងសំរោង
AKP ឧត្តរមានជ័យ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ---
ការផ្ដល់កិត្តិយស និងការគិតគូរពីជីវភាពគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជន គឺជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានគណៈកម្មាធិការ អ.ន.ក ក្រុងសំរោង ដឹកនាំកងកម្លាំង អាជ្ញាធរពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនគ្រួសារសពសមាជិកសមាគមចំនួន២គ្រួសារ ស្ថិតក្នុងសង្កាត់កូនគ្រៀល និងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ថវិកាចំនួន៤,០០០,០០០រៀល ត្រូវបានប្រគល់ជូន អ្នកស្រី ឈិត ស្រីយឿន រស់នៅភូមិត្រពាំងវែង សង្កាត់កូនគ្រៀល ដែលត្រូវជាកូនបង្កើតរបស់សពលោក ញៀន លើយ (ប្រភេទនិវត្តន៍ជន អត្តលេខ RA 01002982) និងថវិកាចំនួន៤,០០០,០០០រៀលទៀត ត្រូវបានប្រគល់ជូន អ្នកស្រី យឿន សៀប រស់នៅភូមិបាក់នឹម សង្កាត់សំរោង ដែលត្រូវជាភរិយាសពលោក រិន សន (ប្រភេទជនពិការ អត្តលេខ HA 85001365) ដែលលោកទាំងពីរបានទទួលមរណភាពដោយរោគាពាធ កាលពីពេលកន្លងទៅ ។

លោក ផុន ចាន់និល បានមានប្រសាសន៍សំណេះសំណាល ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពទាំងពីរ និងបានអានលិខិតចូលរួមមរណទុក្ខរបស់គណៈកម្មាធិការ អ.ន.ក ដើម្បីជាការសម្តែងនូវការសោកស្តាយចំពោះការបាត់បង់សមាជិកដ៏ចាស់ទុំម្នាក់។

លោកអភិបាល បានបញ្ជាក់ថា ថវិកាបេឡាមរណៈសង្គ្រោះនេះ គឺជាការតបស្នងចំពោះគុណបំណាច់របស់បងប្អូនដែលបានបម្រើជាតិមាតុភូមិ ហើយរដ្ឋបាលក្រុងតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់គ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់រូប ៕
ដោយ៖ ទិត ស្រ៊





