ឯកឧត្តម គួច ចំរើន ចូលរួមខួបគម្រប់១ឆ្នាំ នៃថ្ងៃបង្កើត សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកណ្តាល
AKP កណ្តាល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦–
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីអបអរសាទរខួបគម្រប់១ឆ្នាំ នៃថ្ងៃបង្កើត សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកណ្តាល ២១ មីនា ២០២៥ - ២១ មីនា ២០២៦ ដែលបានរៀបចំឡើងនៅជាប់វិទ្យាល័យអន្លង់តាសេក ស្រុកស្អាង ខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ថ្លែងនូវការអបអរសាទរ ចំពោះសមាគមដែលបានរៀបចំខួបគម្រប់ ១ឆ្នាំ ព្រមទាំងបានផ្ដាំផ្ញើ នូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សមាជិក សមាជិកា នៃសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកណ្តាលទាំងអស់ ហើយការជួបជុំគ្នានេះ ក៏ជាការអបអរសាទរសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលឈានចូលមកដល់នាពេលខាងមុខនេះផងដែរ។ ការជួបជុំគ្នានៅថ្ងៃនេះគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីបានដឹងពីសុខទុក្ខ ជាពិសេសស្តាប់នូវរបាយការណ៍ និងបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានាពាក់ព័ន្ធនិងការងាររបស់សមាគម សំដៅរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា ធ្វើឱ្យសមាគមបំពេញការងាររបស់ខ្លួនបានកាន់តែប្រសើរឡើងបន្ថែមទៀត។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់សមាគម សូមបន្តសម្មភាពខ្លួនឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជួយលើកស្ទួយការងារសង្គម អនាម័យ បរិស្ថាន និងការងារអប់រំ។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់សមាគម សូមបន្តខិតខំពង្រីកសមាជិកសមាជិការបស់ខ្លួនឱ្យបានច្រើនថែមទៀត ខិតខំពង្រីកបណ្តាញឱ្យបានគ្រប់វត្តអារាម ដើម្បីដឹងពីសុខទុក្ខទាំងព្រះសង្ឃ និងជាពិសេសក្មេងវត្ត ។

លោក តេង រិទ្ធី ប្រធានសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកណ្តាល បានបញ្ជាក់ថា សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកណ្តាល មានសមាជិកសរុបចំនួន ៦១២ អង្គនាក់ ស្រី ២១៧ នាក់ ក្នុងនោះមានព្រះសង្ឃ ១៦អង្គ។ បច្ចុប្បន្នសមាគមមាន អនុសាខានៅក្រុង ស្រុកចំនួន ១២ មានតែស្រុកល្វាឯមប៉ុណ្ណោះដែលសមាគមមិនទាន់មានអនុសាខា ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





