ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា លើកទឹកចិត្តកងទ័ពជួរមុខ និងសម្ពោធសមិទ្ធផលថ្មីនៅកងពលតូចលេខ៥១
AKPបន្ទាយមានជ័យថ្ងៃទី២២ខែមីនាឆ្នាំ២០២៦---
ក្នុងស្មារតីរឹតចំណងសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងវិស័យសុខាភិបាល និងកងយោធពលខេមរភូមិន្ទ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ព័ន្ធមេត្រីភាព ដើម្បីពង្រឹងកម្លាំងចិត្ត និងសុខុមាលភាពយុទ្ធជននៅខ្សែក្រវាត់ព្រំដែន។

នៅក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងនូវប្រសាសន៍ពោរពេញដោយអត្ថន័យថា «សូមអរគុណចំពោះការលះបង់ និងការប្តេជ្ញាចិត្តរបស់នាយទាហាន ពលទាហាន វីរកងទ័ព ដែលបានជម្រុញទឹកចិត្តដល់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តបម្រើសេវាសុខាភិបាលជូនប្រទេសជាតិរបស់យើង ប្រកបដោយមោទនភាព និងការទទួលខុសត្រូវខ្ពស់បំផុត។»
ឯកឧត្តមបានគូសបញ្ជាក់ថា ភាពអង់អាចក្លាហានរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដី គឺជាបង្អែកដ៏រឹងមាំដែលអនុញ្ញាតឱ្យគ្រូពេទ្យ និងមន្ត្រីរាជការអាចបំពេញភារកិច្ចជូនប្រជាជនបានយ៉ាងកក់ក្តៅ។ នេះគឺជាតថភាពនៃស្មារតី «សមរភូមិក្រោយ ជួយទំនុកបម្រុងសមរភូមិមុខ» ដែលក្រសួងសុខាភិបាលតែងតែប្រកាន់ខ្ជាប់។
ជាផ្នែកមួយនៃការគិតគូរពីសុខុមាលភាព ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញកាត់ខ្សែបូសម្ពោធ «ផ្ទះបាយរួម» ដែលជាអំណោយពីក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល-រីសត។

ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យកងទ័ពយកចិត្តទុកដាក់លើ អនាម័យចំណីអាហារបង្ការជំងឺឆ្លង និងការរស់នៅស្អាត ហូបស្អាត។ របបអាហារសុខភាព អនុវត្តតាមគោលការណ៍ «តិចអំបិល តិចខ្លាញ់ តិចស្ករ» ដើម្បីជៀសផុតពីជំងឺមិនឆ្លង។ ការការពារខ្លួន សម្រាន្តក្នុងមុងដើម្បីការពារជំងឺគ្រុនចាញ់ និងគ្រុនឈាម ដែលជាហានិភ័យចម្បងក្នុងតំបន់ឈរជើង។
ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនោះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានសម្តែងនូវក្តីរំភើប និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រី។

លោកមេបញ្ជាការបានបញ្ជាក់ថា ការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងដៃគូសម្ព័ន្ធមេត្រីភាព គឺជាការផ្តល់កម្លាំងចិត្តមិនអាចកាត់ថ្លៃបានសម្រាប់កងទ័ពដែលកំពុងឈរជើងការពារព្រំដែន។ លោកបានប្តេជ្ញាចិត្តថា នឹងប្រើប្រាស់សមិទ្ធផល និងសម្ភារៈដែលទទួលបានឱ្យចំគោលដៅ ដើម្បីពង្រឹងសមត្ថភាពការពារជាតិឱ្យកាន់តែរឹងមាំ។
នៅក្នុងពិធីនេះ ក្រសួងសុខាភិបាល និងដៃគូបាននាំយកនូវ សម្ភារៈ និងថវិកា សរុបជាង ២១៣ លានរៀល (រួមមានឱសថ បរិក្ខារពេទ្យ និងគ្រឿងឧបភោគបរិភោគ)។ ថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធការពារជាតិ៖៊ ចំនួន ៣៣,៥០០ ដុល្លារអាម៉េរិក សម្រាប់រៀបចំធ្វើលេណដ្ឋានជម្រក និងលេណដ្ឋានដាក់គ្រាប់ ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ។
ពិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាលបំផុត ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពរវាងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក្នុងការរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិឱ្យបានគង់វង្ស៕
ដោយ ៖ឈុនសារ៉ាត





