មន្ទីរព័ត៌មាននិងមន្ទីរធម្មការ ចុះសួរសុខទុកគ្រួសារអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦--
លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុកនិងនាំយកអំណោយចែកជូនគ្រួសារអតីតយុទ្ធជននៅភូមិ អូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ អមដំណើរដោយលោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំង លោក លោកស្រី និងមន្ត្រីរាជការក្នុងមន្ទីរទាំងពីរផងដែរ។

ក្នុងឱកាសនោះលោក ឈាង វណ្ណៈ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ និងគិតគូរ ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជាដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ ដល់បងប្អូន និងគ្រួសារអតីតយុទ្ធជនមានជីវភាពរស់នៅរបស់បងប្អូនដែលជួបការលំបាកដោយប្រការរផ្សេងៗ បើទោះបីបងប្អូនរងភាពពិការព្រោះតែសង្គ្រាម តែបងប្អូនមិនផ្តេកផ្តួលពឹងផ្អែករាជរដ្ឋាភិបាលទាំងស្រុងនោះឡើយ និងកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងនេះ។
ទន្ទឹមនឹងនេះលោកបានបន្តថា ក្នុងនាមគ្រួសាររួមជាតិតែមួយមានការស្ញប់ស្ញែង និងកោតសរសើរ ខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាមរបស់អតីតយុទ្ធជន ដែលបានប្រឹងប្រែងដាំដុះដំណាំ និង ចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅ មានភាពប្រសើរមួយកម្រិតនោះ។ ខ្ញុំពិតជារីករាយពេលឃើញបងប្អូនប្រឹងប្រែងឧស្សាហ៍ព្យាយាមក្នុងការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីកសាងជីវភាពបែបនេះ។

ថ្លែងក្នុងបរិបទនេះលោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យអស់ពីលទ្ឋភាព និងជំរុញកូនចៅឲ្យទៅចូលរៀនឲ្យបានខ្ពស់ ដើម្បីអនាគតពួកគាត់មានភាពរុងរឿង មានចំណេះដឹង និងសមត្ថភាពពេញលេញ និងងាយស្រួលរកការងារធ្វើ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិ។
ក្នុងឱកាសនោះដែរលោកប្រធានមន្ទីរព័ត៌មាន និងមន្ត្រីរួមដំណើរ បានចែកអំណោយជូនដល់គ្រួសារអតីតយុទ្ធជនមាន ផ្ទះលេខ៣១ និង លេខ៣២ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធមួយកេស ទឹកស៊ីអ៉ីវ១យួរ ទឹកត្រីមួយយួរ មានវត្ថុអនុស្សាវរីយ៏ និង ថវិកា ៤០,០០០រៀល។
ដោយឡែកលោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនា និងមន្ត្រីរួមដំណើរបានចែកអំណោយដល់គ្រួសារអតីតយុទ្ធជនមាន ផ្ទះលេខ៥១ និង ផ្ទះលេខ៥២ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធមួយកេស វត្ថុអនុស្សាវរីយ៏ និង ថវិកា ៥០០០០រៀលផងដែរ៕
ដោយ៖ បៃ ស៊ីថុន





