ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យជម្រកថ្មីជូនពលរដ្ឋភៀសសឹកនៅស្រុកស្វាយចេក ក្រោមស្មារតី "មិនទុកនរណាម្នាក់ចោល"
AKP បន្ទាយមានជ័យថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ---
ក្នុងស្មារតីបុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់បំផុតលើសុខុមាលភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះតាមព្រំដែន ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចុះពិនិត្យផ្ទាល់នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋភៀសសឹក ស្ថិតក្នុងភូមិចក់ពួកឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងការចុះពិនិត្យការដ្ឋានសាងសង់ និងសំណេះសំណាលជាមួយគ្រួសារពលរដ្ឋដែលទើបផ្លាស់ចូលមកស្នាក់នៅ ឯកឧត្តមទេសរដ្ឋមន្ត្រីបានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកឱ្យបងប្អូនណាម្នាក់រស់នៅដោយគ្មានទីជម្រក ឬខ្វះការគាំពារក្នុងកាលៈទេសៈដ៏លំបាកនេះឡើយ។ សុខទុក្ខរបស់បងប្អូន គឺជាអាទិភាពចម្បងបំផុតរបស់យើង។
មិនមែនត្រឹមតែជាជម្រកបណ្តោះអាសន្នធម្មតានោះទេ ប៉ុន្តែទីតាំងថ្មីនៅភូមិចក់ពួកនេះ ត្រូវបានរៀបចំឡើងជា "សហគមន៍គំរូក្នុងគ្រាអាសន្ន" ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ លំនៅឋាន ផ្ទះនីមួយៗសាងសង់លើដីទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ អមដោយបន្ទប់ទឹកស្អាត។ សេវាសាធារណៈ មានការរៀបចំសាលារៀន មណ្ឌលសុខភាព និងប៉ុស្តិ៍សន្តិសុខ ដើម្បីធានាថាការរស់នៅរបស់កុមារ និងចាស់ជរាមានភាពកក់ក្តៅ។ បច្ចុប្បន្នសម្រេចបាន ៤០០ខ្នង ក្នុងចំណោមផែនការសរុប ៣,០០០ខ្នង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានរំលឹកនូវទស្សនៈវិស័យរបស់សម្តេចនាយករដ្ឋមន្ត្រីថា ការរៀបចំជម្រកនេះ គឺជាកិច្ចការមនុស្សធម៌ដើម្បីសុខុមាលភាពពលរដ្ឋ ប៉ុន្តែមិនមែនមានន័យថារាជរដ្ឋាភិបាលបោះបង់ចោលការទាមទារសិទ្ធិលើទឹកដីនោះឡើយ។ កម្ពុជានៅតែរក្សាជំហរដាច់ខាតក្នុងការការពារបូរណភាពទឹកដី តាមរយៈយន្តការការទូតដោយសន្តិវិធី និងការអត់ធ្មត់ខ្ពស់បំផុត។
តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ក្រុមការងារកំពុងសម្រុកសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យពលរដ្ឋភៀសសឹកទាំងអស់បានចូលស្នាក់នៅ និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្នុងភាពសប្បាយរីករាយ និងមានសុវត្ថិភាព។

សូមជម្រាបថា ការចាប់ឆ្នោតលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា សម្រាប់ ៥០៤គ្រួសារ (ភូមិបន្ទាយមានឫទ្ធិ) និង ៣១៨គ្រួសារ (ភូមិសាមគ្គី)។
ការចាប់ឆ្នោតលើកទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ដើម្បីបន្តបែងចែកផ្ទះជូនពលរដ្ឋដែលនៅសេសសល់។
ការផ្លាស់ប្តូរទីតាំងពីជំរំវត្តកណ្តោល មកកាន់ជម្រកថ្មីនៅភូមិចក់ពួកនេះ បានធ្វើឱ្យប្រជាពលរដ្ឋបង្ហាញនូវក្តីរំភើបយ៉ាងខ្លាំង ដោយពួកគាត់លើកឡើងថា ការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល បានជួយឱ្យពួកគាត់បាត់អស់ភាពភ័យខ្លាច និងមានសង្ឃឹមក្នុងជីវិតជាថ្មីម្តងទៀត៕
ដោយ ៖ឈុនសារ៉ាត





