គ្រូបង្គោលនៅតាមសាលាបឋមសិក្សាគោលដៅនានាកំពុងចូលរួមយ៉ាងសកម្មក្នុងការបំប៉នសមត្ថភាពជំនាញឌីជីថលលើ "កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ"
AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦–
ក្រោមកិច្ចសម្របសម្រួលពីនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូដឹកនាំ (គ្រូបង្គោល) នៅតាមសាលាបឋមសិក្សាគោលដៅនានា បាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការបំប៉នសមត្ថភាពជំនាញឌីជីថលលើ "កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ (Computational Thinking Education)"។ ការអនុវត្តនេះ គឺជាជំហានដ៏សំខាន់ក្នុងការចាប់ផ្តើមនវានុវត្តន៍ថ្មីកម្រិតបឋមសិក្សា ដែលជួយបង្កើតបរិយាកាសសិក្សាផ្អែកលើការគិត វិភាគ និងការប្រើប្រាស់បច្ចេកវិទ្យា។

បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ជាមួយនឹងស្មារតីសាមគ្គីភាព និងភាពជាអ្នកដឹកនាំ គ្រូបង្គោលបានបង្ហាញពីការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ដោយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯង និងបានយកចំណេះដឹង ក៏ដូចជាបច្ចេកទេសគរុកោសល្យថ្មីៗទាំងនេះ ទៅចែករំលែកបន្តដល់លោកគ្រូ អ្នកគ្រូថ្នាក់បឋមសិក្សាដទៃទៀត ព្រមទាំងសិស្សានុសិស្ស ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីគណៈគ្រប់គ្រងសាលា។ ការចែករំលែកបន្តនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យកាន់តែសម្បូរបែប ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសតវត្សទី២១ ដែលរួមមាន៖ សមត្ថភាពគំនិតច្នៃប្រឌិត និងការផ្តួចផ្តើម ជំនាញដោះស្រាយបញ្ហាដោយមានប្រសិទ្ធភាព សមត្ថភាពទំនាក់ទំនង និងធ្វើការងារជាក្រុម ភាពអត់ធន់ និងសមត្ថភាពបត់បែនតាមបរិបទថ្មី ព្រមទាំងបំណិនប្រើប្រាស់ឌីជីថល។ កម្មវិធីនេះមិនត្រឹមតែបង្កើនសមត្ថភាពគ្រូបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រីកវិសាលភាពនៃការអប់រំបច្ចេកវិទ្យាឱ្យកាន់តែទូលំទូលាយ ដើម្បីចាក់មូលដ្ឋានគ្រឹះឌីជីថលយ៉ាងរឹងមាំតាំងពីកម្រិតបឋមសិក្សា ដែលជាការរៀបចំសិស្សានុសិស្សឱ្យក្លាយជាអ្នករៀនដែលមានការគិតវិភាគ ច្នៃប្រឌិត និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតឌីជីថល។

ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកគ្រូ អ្នកគ្រូដឹកនាំ និងគណៈគ្រប់គ្រងសាលាទាំងអស់ បើទោះបីជាមានភារកិច្ចស្នូលប្រចាំថ្ងៃច្រើនយ៉ាងណាក្តីក៏នៅតែបន្តលះបង់ពេលវេលា និងកម្លាំងកាយចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ការខិតខំប្រឹងប្រែង ស្មារតីនៃការចូលរួម និងវប្បធម៌នៃការចែករំលែកនេះ គឺជាសសរស្ដម្ភដ៏រឹងមាំ និងជាកម្លាំងសំខាន់បំផុតក្នុងការគាំទ្រគោលនយោបាយរបស់ក្រសួង ដើម្បីលើកស្ទួយវិស័យអប់រំឌីជីថលនៅកម្ពុជាឱ្យឈានឡើង និងធានាបាននូវចីរភាពពិតប្រាកដចាប់តាំងពីកម្រិតមូលដ្ឋានថ្នាក់បឋមសិក្សា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





