រដ្ឋបាលខេត្តកណ្ដាល និងក្រសួងពាណិជ្ជកម្ម សហការរៀបចំ “យុទ្ធនាការផលិតផលជាតិ MadeInCambodia”
AKP កណ្តាល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦--
លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធី “យុទ្ធនាការផលិតផលជាតិ MadeInCambodia” ស្ថិតនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានរយៈពេល២ថ្ងៃ ដោយមានការអញ្ជើញចូលរួមពី មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល លោកប្រធានសភាពាណិជ្ជកម្មខេត្តកណ្ដាល មន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងការស្វាគមន៍និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកណ្ដាល ដែលបានផ្តល់ជាទីតាំង និងតំណាងសិប្បករ-ផលិតករក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកចូលរួមទាំងអស់គ្នាផងដែរ។
លោកជំទាវបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនិងភាពជាដៃគូដ៏ប្រសើររវាងរដ្ឋនិងវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សិប្បករ-ផលិតផលករក្នុងស្រុក ព្រមទាំងបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាត ដែលកំពុងប្រតិបតិ្តការរួមគ្នាជាធ្លុងមួយក្នុងការចូលរួមលើកកម្ពស់ ផលិតផលជាតិ។ យើងទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ សុទ្ធសឹងជាអ្នកប្រើប្រាស់ ដែលពិតជាបានរួមចំណែកមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រ ជំរុញការប្រើប្រាស់ ផ្សព្វផ្សាយផលិតផលជាតិ និងពង្រីកការនាំចេញផលិតផលជាតិនៅនឹងកន្លែង ការប្រារព្ធឡើងនូវ“យុទ្ធនាការផលិតផលជាតិ MadeInCambodia” ពិតជាមានអត្ថន័យដ៏សំខាន់និងជ្រាលជ្រៅក្នុងសមានចិត្តរបស់ប្រជាពលរដ្ឋខ្មែរយើង គឺដើម្បីបង្ហាញអំពី "ការស្រឡាញ់ ផលិតផលជាតិ ការស្រឡាញ់ចំពោះកសិករខ្មែរនិងផលិតករខ្មែរ ព្រមទាំងជាស្មារតីស្រឡាញ់ជាតិមាតុភូមិរបស់យើង!”។

លោកជំទាវ រដ្ឋលេខាធិការក៏បានជម្រាបជូនថា៖ ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមរៀបចំ “យុទ្ធនាការផលិតផលជាតិ MadeInCambodia” នេះឡើងក្នុងគោលបំណងសំខាន់ៗដើម្បីបង្ហាញនិងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ជូនដល់ប្រជាពលរដ្ឋ ជាអតិថិជន ជាអ្នកប្រើប្រាស់ និងលើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអនុលោមភាព។ ផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត និងដើម្បីសិក្សាអំពីតម្រូវការទីផ្សារស្តង់ដារ និងនីតិវិធីនានា និងពង្រឹងគុណភាព ដើម្បីអាចបង្កើនការចូលដាក់លក់ផលិតផលទៅក្នុងផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត បាន។ “យុទ្ធនាការផលិតផលជាតិ MadeInCambodia” នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ ឆ្នាំពេញ ក្នុងនោះ ផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ។មកដល់ពេលនេះ មានផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតចំនួនប្រមាណជាង៣០០ ទីតាំង ក្នុងរាជធានី-ខេត្ត បានចូលរួមក្នុងយុទ្ធនាការនេះ។

លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាលបានថ្លែងអំណរគុណទៅដល់ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីនេះឡើងដែលបានជួយលើកស្ទួយផលិតផលរបស់ខេត្តកណ្ដាលនិងការជួយជំរុញលើកទឹកចិត្តដល់បងប្អូនម្ចាស់ផលិតផលខេត្តកណ្ដាលបានធ្វើយុទ្ធនាការផលិតផលក្នុងស្រុកនិងការតាំងពិពណ៌ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនិងការដាក់តាំងពីពណ៌ផលិតផលចង់សប្តាហ៍របស់ខេត្តថ្ងៃនេះដែលជាយុទ្ធនាការដល់សំខាន់ទូទាំងប្រទេសដែលក្រសួងពាណិជ្ជកម្មរៀបចំឡើងហើយខេត្តកណ្ដាលរៀបចំនៅថ្ងៃនេះជាអាកាសល្អសម្រាប់បងប្អូនម្ចាស់ផលិតផលក្នុងការចូលរួមការផ្សព្វផ្សាយស្វែងរកទីផ្សារជូនបងប្អូនទាំងអស់គ្នាផលិតផលខេត្តកណ្ដាលបានចូលរួមទៅទីផ្សារអន្តរជាតិជាច្រើន ឯកឧត្តមក៏បានដឹកនាំផលិតផលរបស់ខេត្តកណ្ដាលទៅចូលរួមពិពណ៌ពាណិជ្ជកម្មភាគីវៀតណាមជារៀងរាល់ឆ្នាំ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





