ឯកឧត្តម ជា វ៉ាន់ចាន់ សំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទសំបូរ
AKP កំពង់ធំ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦--
ឯកឧត្តម ជា វ៉ាន់ចាន់ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងលោក ឃីម សុខឃាង ប្រធានគណបក្សស្រុកប្រាសាទសំបូរ បានអញ្ជើញចូលរួមក្នុងជំនួបជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជាមូលដ្ឋាននៅស្នាក់ការគណបក្សស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសស្និទ្ធស្នាល រួសរាយរាក់ទាក់ និងពោរពេញដោយសាមគ្គីភាព ដោយមានការចូលរួមពីសកម្មជនគណបក្សប្រជាជនកម្ពុជាមូលដ្ឋានជាច្រើនរូបគឺដើម្បីសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង និងលើកទឹកចិត្តដល់សកម្មជនឱ្យបន្តរួមចំណែកអនុវត្តការងារនយោបាយនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
លោក ឃីម សុខឃាង បានថ្លែងអំណរគុណចំពោះសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលតែងតែខិតខំបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ និងអនុវត្តទិសដៅការងាររបស់គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន។ លោកក៏បានជំរុញឱ្យសកម្មជនទាំងអស់ បន្តថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់សំណូមពរ និងបម្រើផលប្រយោជន៍រួមឱ្យបានកាន់តែល្អប្រសើរ។

ឯកឧត្តម ជា វ៉ាន់ចាន់ ក៏បានមានប្រសាសន៍ណែនាំ និងផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រជាជនកម្ពុជាមូលដ្ឋាន ដោយផ្តោតលើការពង្រឹងការងារចាត់តាំង ការពង្រីកសកម្មភាពនៅថ្នាក់មូលដ្ឋាន និងការកសាងទំនុកចិត្តក្នុងចំណោមប្រជាជន។ ឯកឧត្តមបានលើកទឹកចិត្តឱ្យសកម្មជនទាំងអស់ បន្តប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើការដោយភាពស្មោះត្រង់ ដើម្បីធានាឱ្យការងារគណបក្សប្រជាជនកម្ពុជាសម្រេចបានលទ្ធផលល្អប្រសើរ។

សកម្មជនដែលបានចូលរួមបានបង្ហាញនូវក្តីសប្បាយរីករាយ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់និងបានប្តេជ្ញាចិត្តបន្តរួមសហការ និងខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដើម្បីរួមចំណែកធ្វើឱ្យការងារគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត។
ជំនួបនោះបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សស្រុកចំពោះសកម្មជននៅមូលដ្ឋាន និងជាកម្លាំងចិត្តដ៏សំខាន់មួយ ក្នុងការជំរុញឱ្យការងារគណបក្សប្រជាជនកម្ពុជាបន្តដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់៕
ដោយ ស៊ុម វណ្ណា





