ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា៖ «សុខាភិបាល និងវីរកងទ័ពនៅជាមួយគ្នា រួមសុខរួមទុក្ខជាមួយគ្នា»
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦--
សុខាភិបាល និងវីរកងទ័ពនៅជាមួយគ្នា រួមសុខរួមទុក្ខជាមួយគ្នា។ នេះជាប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងជំនួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងការសម្ពោធផ្ទះបាយរួម នៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ជាអំណោយដ៏ថ្លៃថ្លារបស់ដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល-រីសត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់កម្លាំងកាយចិត្ត និងធ្វើពលិកម្មគ្រប់បែបយ៉ាង ឈរជើងការពារខ្សែក្រវាត់ព្រំដែនយ៉ាងអង់អាចក្លាហាន ជាពិសេសក្នុងស្ថានភាពដ៏តានតឹងនាពេលកន្លងមក អំពីការឈ្លានពានពីកងទ័ពថៃ និងនៅបន្តការពារជាតិមាតុភូមិយ៉ាងសកម្ម។ បងប្អូនកងទ័ព គឺជាកម្លាំងការពារដ៏រឹងមាំសម្រាប់ថែរក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ វីរភាពរបស់បងប្អូនក្នុងគ្រានេះ គឺជាគំរូដ៏ប្រពៃសម្រាប់ប្រជាជាតិទាំងមូល និងជាទីមោទនភាពក្រៃលែងសម្រាប់យើងទាំងអស់គ្នា។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ បានត្រៀមលក្ខណៈរួចជាស្រេចទាំងយប់ទាំងថ្ងៃ និងរួមដៃគ្នាយ៉ាងស្អិតរមួត ប្រកៀកស្មាគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ។ ការលះបង់ពេលវេលា និងកម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យយើង គឺជាការបង្ហាញយ៉ាងច្បាស់នូវស្មារតី «សមរភូមិក្រោយជួយទំនុកបម្រុងសមរភូមិមុខ» យ៉ាងពិតប្រាកដ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការសម្ពោធប្រើប្រាស់ផ្ទះបាយរួមថ្មីនេះឡើង ដើម្បីធានាបាននូវការផ្គត់ផ្គង់របបអាហារដែលមានអនាម័យ និងសុវត្ថិភាព ដែលជាកត្តាចម្បងក្នុងការរក្សាកាយសម្បទារបស់យុទ្ធជន ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺឆ្លងតាមរយៈចំណីអាហារ និងជួយសម្រួលដល់ភស្តុភារកងទ័ព។ បន្ថែមពីនេះ បងប្អូនកងទ័ពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនុវត្តរបបអាហារ «តិចអំបិល តិចខ្លាញ់ តិចស្ករ» ជៀសវាងគ្រឿងស្រវឹង និងថ្នាំជក់ ព្រមទាំងរក្សាអនាម័យរស់នៅស្អាត សម្រាន្តក្នុងមុងជាប់ជានិច្ច ដើម្បីបង្ការជំងឺឆ្លងចម្បងៗដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងការពុលចំណីអាហារផ្សេងៗ។

ពិធីនេះមានការអញ្ជើញចូលរួមពីមេបញ្ជាការរងយោធភូមិភាគទី៥ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ និងថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ អង្គភាពនៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាល សាលាភូមិភាគ និងក្រុមហ៊ុនសុខាអូតែល-រីសត។
សូមជម្រាបជូនថា ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល-រីសត បាននាំយកអំណោយ រួមមាន៖ ឱសថ សម្ភារបរិក្ខារពេទ្យ គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា សម្រាប់ឧបត្ថម្ភជូនដល់ទីបញ្ជាការកងពលតូចលេខ៥១ វីរកងទ័ព និងគ្រួសារកងទ័ព ដែលសរុបជាទឹកប្រាក់ប្រមាណជាង ២១៣ លានរៀល។ លើសពីនេះ ផ្តល់ថវិកាបន្ថែមចំនួន ៣៣ ៥០០ ដុល្លារអាម៉េរិក សម្រាប់រៀបចំធ្វើលេណដ្ឋានជម្រក និងលេណដ្ឋានដាក់គ្រាប់ ដើម្បីពង្រឹងកិច្ចការពារសុវត្ថិភាព និងបង្កើនសមត្ថភាពប្រយុទ្ធនៅតាមបណ្តោយព្រំដែន។
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសុខាភិបាល)





