គម្រោងអគារឆ្លាតវៃ ជី អាយ អេ នរា (G.I.A. Norea) ត្រូវបានសម្ពោធជាផ្លូវការហើយ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦--
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការគម្រោងអគារឆ្លាតវៃ ជី អាយ អេ នរា (G.I.A. Norea) ដោយមានការអញ្ជើញចូលរួមពីលោក ទូច សំណាង អគ្គនាយកក្រុមហ៊ុន SP Trust ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំ ក.ប.ទ. និងវិស័យឯកជនប្រមាណ១៦០រូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានចាត់ទុកថាគម្រោងអគារឆ្លាតវៃ ជី អាយ អេ នរា ជា “ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់” និងជា “មជ្ឈមណ្ឌលឆ្លាតវៃ” (Smart Hub) ដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់នៃសេដ្ឋកិច្ចឌីជីថលសកល។ អ្វីដែលកាន់តែពិសេសនោះ គឺការអនុវត្តបច្ចេកវិទ្យា BIM (Building Information Modeling) ដែលនឹងប្រែក្លាយសំណង់នេះឱ្យទៅជា “ឌីជីថលភ្លោះ” (Digital Twin) ដ៏រស់រវើក។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា គម្រោងអគារនេះ មានរួមបញ្ចូលប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការគ្រប់គ្រងថាមពលនិងការថែទាំទុកជាមុន (Predictive Maintenance) ជាគំរូដ៏ឆ្នើមក្នុងការកាត់បន្ថយការភាយចេញឧស្ម័នកាបូន និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងថា បច្ចេកវិទ្យាបានចូលរួមធ្វើទំនើបកម្មនិងសម្របសម្រួលកិច្ចការជាច្រើន ទាំងវិស័យសាធារណៈ និងឯកជន ព្រមទាំងបានកាត់បន្ថយពេលវានិងការចំណាយផ្សេងៗ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់វិស័យឯកជនចូលរួមប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជាជំនួយដល់ការគ្រប់គ្រង ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





