ស្នាមញញឹមក្នុងជម្រកថ្មី៖ ក្តីសង្ឃឹម និងការមិនបោះបង់ពលរដ្ឋភៀសសឹក ក្រោមម្លប់នៃសន្តិភាពរបស់សម្តេចធិបតី
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែមីនាឆ្នាំ២០២៦--
នៅលើផ្ទៃដីទំហំប្រមាណ ៤០០ហិកតា ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សំឡេងគោយន្ត និងរថយន្តដឹកជញ្ជូនសម្ភារៈប្រើប្រាស់បានបន្លឺឡើងយ៉ាងគគ្រឹក ក៏ប៉ុន្តែវាមិនមែនជាសំឡេងនៃភាពភ័យខ្លាចដូចកាលពីគ្រាភៀសសឹកនោះឡើយ វាគឺជាសំឡេងនៃក្តីសង្ឃឹមថ្មីរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងចាកចេញពីតង់កៅស៊ូឆ្ពោះទៅកាន់ជម្រកស្នាក់នៅបណ្តោះអាសន្នដ៏មានសុវត្ថិភាព។

ក្នុងឱកាសចុះជួបសំណេះសំណាល និងរៀបចំពិធីចាប់ឆ្នោតជ្រើសរើសក្បាលដីផ្ទះជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី១៩ និង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងនូវប្រសាសន៍ប្រកបដោយអត្ថន័យជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា«រាជរដ្ឋាភិបាលមិនដែលបោះបង់ចោលបងប្អូនឡើយ។ យើងយល់ច្បាស់ពីការលំបាករបស់បងប្អូនដែលត្រូវភៀសខ្លួនពីសង្គ្រាមឈ្លានពាននៅតាមព្រំដែន។ ការផ្តល់ជម្រកថ្មីនេះ គឺជាការធានានូវសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពជូនបងប្អូន ខណៈដែលយើងកំពុងបន្តដោះស្រាយបញ្ហាដីធ្លីនៅតំបន់ដើម»។

ឯកឧត្តមបានបន្ថែមថា ក្រោមការបញ្ជាផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការរៀបចំមណ្ឌលស្នាក់នៅនេះមិនមែនធ្វើឡើងត្រឹមតែឱ្យមានកន្លែងជ្រកកោនប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋបានគិតគូរដល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ រួមមានទឹកស្អាត ភ្លើងអគ្គិសនី និងការឧបត្ថម្ភថ្លៃប្រើប្រាស់ទឹកភ្លើងរយៈពេលពេញមួយឆ្នាំ ដើម្បីសម្រាលបន្ទុកជីវភាពបងប្អូនឱ្យបានជាអតិបរមា។
សូមរំលឹកថា បងប្អូនប្រជាពលរដ្ឋជាង ៣,០០០គ្រួសារ មកពីភូមិចំនួន៦ ក្នុងឃុំអូរបីជាន់ និងតំបន់បឹងត្រកួន បានរងគ្រោះដោយសារការរំលោភបំពានអធិបតេយ្យភាពពីសំណាក់ភាគីថៃ ដែលបានព័ទ្ធបន្លាលួស និងដាក់ទូកុងទ័រន័រលើទឹកដីកម្ពុជា រួមទាំងការគំរាមកំហែងដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

លោក មាស ម៉ៅ អាយុ ៤៣ឆ្នាំ ដែលជាជនភៀសសឹកមកពីភូមិសាមគ្គី បានរៀបរាប់ទាំងក្តីរំភើប ខណៈកំពុងរៀបចំសម្ភារៈចាកចេញពីវត្តកណ្តោលថា «ខ្ញុំស្នាក់នៅក្រោមតង់អស់រយៈពេលជិត ៣ខែមកហើយ។ ថ្ងៃនេះខ្ញុំមានអារម្មណ៍ក្តុកក្តួល និងសប្បាយចិត្តជាខ្លាំង។ សម្តេចធិបតីមិនទុកពួកយើងចោលទេ លោកតែងតែជួយជាប់ជានិច្ច។ ផ្ទះថ្មីនេះធំទូលាយ មានសុវត្ថិភាព ធ្វើឱ្យយើងមានកម្លាំងចិត្តតស៊ូបន្តទៀត»។
ពលរដ្ឋជាច្រើនទៀតក៏បានបង្ហាញទស្សនៈស្រដៀងគ្នាថា ពួកគាត់មានជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយតាមផ្លូវការទូត និងច្បាប់ ដើម្បីឱ្យពួកគាត់បានវិលត្រឡប់ទៅកាន់ភូមិឋាន និងដីស្រែចម្ការកំណើតវិញនាពេលអនាគត។
មណ្ឌលសុវត្ថិភាពភូមិចក់ពួក ត្រូវបានរៀបចំឡើងយ៉ាងមានរបៀបរៀបរយ ដោយផ្ទះនីមួយៗត្រូវបានសាងសង់ឡើងយ៉ាងរឹងមាំ ធន់នឹងអាកាសធាតុ និងមានបង្គន់អនាម័យត្រឹមត្រូវ។ គិតមកទល់ពេលនេះ ផ្ទះប្រមាណ ៣០០ខ្នង ត្រូវបានបញ្ចប់ជាស្ថាពរសម្រាប់ដំណាក់កាលដំបូង។
តាមផែនការដែលបានកំណត់ ក្រុមការងារកំពុងសម្រុកធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់ការសាងសង់ផ្ទះសរុបចំនួន ៣,០០០ខ្នង ឱ្យទាន់មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ ដើម្បីឱ្យបងប្អូនជនភៀសសឹកទាំងអស់បានចូលមកជ្រកកោន និងអបអរសាទរពិធីបុណ្យនៅក្នុងផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល។
ទិដ្ឋភាពនៃការជួយគ្នាទៅវិញទៅមក រវាងអាជ្ញាធរខេត្តដែលបានបញ្ចេញរថយន្តក្រុងដឹកជញ្ជូន និងពលរដ្ឋដែលមមាញឹករៀបចំអីវ៉ាន់ បានបង្ហាញឱ្យឃើញនូវសាមគ្គីភាពដ៏រឹងមាំរវាង «រដ្ឋ និងរាស្ត្រ» នៅក្នុងគ្រាដ៏លំបាកបំផុតនៃវិវាទព្រំដែននេះ៕
ដោយ ឈុន សារ៉ាត





