កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ឆ្នាំ២០២៦របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦--
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការតំណាងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត នាយរងរដ្ឋបាលខេត្តតំណាងមន្ទីរអង្គភាព អង្គការដៃគូ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

បន្ទាប់ពីលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានសម្ដែងការស្វាគមន៍គណៈអធិបតី និងបានអានរបាយការណ៍ពីសកម្មភាពនិងលទ្ធផលការងារប្រចាំត្រីមាសទី១ដែលការិយាល័យជំនាញនីមួយៗសម្រេចបានរួចមក ឯកឧត្តម អ៊ិន ចន្ថា បានកោតសរសើរ ថ្នាក់ដឹកនាំនិងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដែលបានខិតខំអនុវត្តការងារបានល្អក្នុងឆ្នាំ២០២៥ កន្លងមក ដើម្បីជំរុញចក្ខុវិស័យអភិវឌ្ឍន៍ជនបទឱ្យមានវិបុលភាព បរិយាបន្ន នវានុវត្តន៍ និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ចសង្គម និងវប្បធម៌ សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារ ប្រកបដោយចីរភាព និងសុខុមាលភាពកាន់តែល្អប្រសើរ ដោយផ្តោតសំខាន់ទៅលើ ការបង្កើនប្រាក់ ចំណូលគ្រួសារនៅជនបទ ការបង្កើនសុខុមាលភាពគ្រួសារនៅជនបទនិងការអប់រំសីលធម៌សង្គម ដើម្បីឱ្យមានគុណធម៌ និងក្លាយជាពលរដ្ឋល្អ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា មន្ទីរបានអនុវត្តតួនាទីជាសេនាធិការជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តយ៉ាងសកម្មក្នុងការអភិវឌ្ឍជនបទនៅខេត្តកំពង់ធំ ដោយអនុវត្តតាមអនុសាសន៍ថ្នាក់ដឹកនាំ និងគោលនយោបាយរាជរដ្ឋាភិបាល។ ឯកឧត្តមបានមានអនុសាសន៍ផ្តាំផ្ញើសម្រាប់កិច្ចប្រជុំនេះ៖ ១. រក្សាសុខសន្តិភាព និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល។ ២. លើកកម្ពស់គុណភាពផ្លូវជនបទ ដើម្បីភ្ជាប់គ្រប់តំបន់ និងជំរុញសេដ្ឋកិច្ច។ ៣. ជំរុញទឹកស្អាត និងអនាម័យជនបទ រក្សាស្ថានភាព ODF និងអនុវត្តកម្មវិធី SMS តាមផែនការ ២០២៦-២០៣៣។ ៤. ពង្រឹងការតាមដានអនុវត្តថវិកា ឆ្នាំ២០២៦ និងកម្មវិធីអាទិភាពឱ្យបានជោគជ័យ។ ៥. បង្កើនការអប់រំ និងផ្សព្វផ្សាយបច្ចេកទេសទៅដល់មូលដ្ឋានតាមរយៈការបណ្តុះបណ្តាល។៦.ទាក់ទាញការចូលរួមពីដៃគូ អង្គការ និងវិស័យឯកជនក្នុងអភិវឌ្ឍន៍ជនបទ និង៧. ថែទាំសុខទុក្ខមន្រ្តី និងពង្រឹងសាមគ្គីភាពក្នុងអង្គភាព៕

ដោយ ស៊ុម វណ្ណា





