ភ្ញៀវទេសចរជា២ម៉ឺន៤ពាន់នាក់ទស្សនាព្រឹត្ដិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរនៅថ្ងៃទី២១ ខែមីនា
AKP សៀមរាប ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦--
អ្នកជំនាញទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណជាង២ម៉ឺន៤ពាន់នាក់ បានទៅទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នៅថ្ងៃទី២១ខែមីនា ឆ្នាំ២០២៦នេះ ខណៈដែលព្រឹត្ដិការណ៍នេះ មានអាកាសធាតុល្អ ដោយមានព្រះអាទិត្យរះគួរឱ្យចង់គយគន់។

ភ្ញៀវទេសចរខ្លះបានអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាពដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។

ភ្ញៀវទេសចរជាតិបានលើកឡើងថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ តែនេះជាលើកទីមួយហើយ បានចូលមកទស្សនាថ្ងៃរះចាប់ពីម៉ោង៥ព្រឹក ហើយបានឃើញភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាសស្របពេលមានទេសភាពសម្រស់ខៀខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ។អ្នកទេសចរខ្លះទៀតដេលពួកគាត់ ធ្លាប់បានទៅទស្សនាជាច្រើនលើង ក៏បានលើកឡើងថា ពិតជាមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។ពួកគាត់មានមោទនភាព ដែលឃើញភ្ញៀវទេសចរជាច្រើនជាតិសាសន៍ ទៅទស្សនាព្រឹត្ដិការណ៍សមរាត្រី ដោយអ្នកទេសចរខ្លះក្រោកតាំងពីម៉ោង៣ទាបភ្លឺ ដើម្បីអង្គុយរង់ចាំ ដើម្បីទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរ ឬហៅថាសមរាត្រី នៅថ្ងៃទី នាថ្ងៃទី២១ខែមីនាឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាង២ម៉ឺន៤ពាន់នាក់ ដោយពួកគាត់បានទៅទស្សនាចាប់ពីម៉ោង៥៖០០នាទី-៧៖៣០នាទី។ក្នុងចំណោមភ្ញៀវទេសចរជាង២ម៉ឺន៤ពាន់នាក់នោះ មានភ្ញៀវទេសចរអន្ដរជាតិ២៦១០នាក់ និងភ្ញៀវទេសចរជាតិប្រមាណ ២១៥៣៥នាក់៕
ដោយ ឃុត សៅ





