ការបញ្ជ្រាបបច្ចេកវិទ្យាទៅក្នុងវិស័យអប់រំ គឺជាសោរគន្លឹះក្នុងការកសាងធនធានមនុស្សសម្រាប់យុគសម័យឌីជីថល
AKP ឧត្តរមានជ័យ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦--
ការបញ្ជ្រាបបច្ចេកវិទ្យាទៅក្នុងវិស័យអប់រំ គឺជាសោរគន្លឹះក្នុងការកសាងធនធានមនុស្សសម្រាប់យុគសម័យឌីជីថល។ នេះជាប្រសាសន៍របស់លោកស្រី ហេង សុជាតិ អភិបាលរងក្រុងសំរោង ក្នុងពិធីទទួលសម្ភារ ICT សម្រាប់គាំទ្រការរៀន និងការបង្រៀន នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

កម្មវិធីនេះរៀបចំឡើងដោយអង្គការកែប្រែសហគមន៍ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពសិក្សារបស់សិស្សានុសិស្ស និងវិធីសាស្ត្របង្រៀនរបស់អ្នកគ្រូ លោកគ្រូ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT)។ សម្ភារបច្ចេកវិទ្យាដែលទទួលបានសរុបរួមមាន៖ ១. កុំព្យូទ័រយួរដៃ (Laptop) ថ្មី ចំនួន១៣គ្រឿង ២. ម៉ាស៊ីនបញ្ចាំងរូបភាព (LCD Projector) ថ្មី ចំនួន១១គ្រឿង ៣. ទូរទស្សន៍ឆ្លាតវៃ (Smart TV) ថ្មី ចំនួន១២គ្រឿង សម្ភារទំនើបៗទាំងនេះ ត្រូវបានបែងចែកភ្លាមៗទៅកាន់សាលាបឋមសិក្សាគោលដៅចំនួន១៣សាលា ក្នុងភូមិសាស្ត្រក្រុងសំរោង រួមមាន៖ បឋមសិក្សាគោកគរ បឋមសិក្សាដូនកែន បឋមសិក្សាភ្នៀត បឋមសិក្សាអូរឫស្សី បឋមសិក្សាហ៊ុនសែន បឋមសិក្សាឆ្អើប បឋមសិក្សាគោកច្រេស បឋមសិក្សាកូនដំរី បឋមសិក្សាបាក់នឹម បឋមសិក្សាត្នោត បឋមសិក្សាបន្សាយរាក់ បឋមសិក្សារំដួលវាសនា បឋមសិក្សាពោធិវង្ស បឋមសិក្សាសំបួរមាស និងបឋមសិក្សាត្រពាំងវែង។

លោកស្រី ហេង សុជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ កែប្រែសហគមន៍ ដែលបានផ្ដល់នូវ អាវុធបញ្ញា ដ៏មានតម្លៃនេះ។ លោកស្រីក៏បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសម្ភារទាំងនេះឱ្យបានល្អ និងប្រើប្រាស់ឱ្យអស់លទ្ធភាព ដើម្បីជួយឱ្យកុមារៗនៅក្នុងក្រុងសំរោងយើង ឱ្យទទួលបានចំណេះដឹងទាន់សម័យកាល និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់៕
ដោយ ទិត ស្រ៊





