រដ្ឋបាលក្រុងសំរោងបើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងាររបស់បុគ្គលិកអប់រំមធ្យមសិក្សា
AKP ឧត្តរមានជ័យ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦--
ការផ្ដល់តម្លៃ និងការលើកទឹកចិត្តដល់មន្ត្រីរាជការដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច គឺជាកាតាលីករជំរុញឱ្យប្រសិទ្ធភាពការងារកាន់តែរីកចម្រើន។ នេះជាការលើកឡើងរបស់លោកស្រី ហេង សុជាតិ អភិបាលរងក្រុងសំរោង ក្នុងកិច្ចប្រជុំវាយតម្លៃអង្គភាព និងបុគ្គលិកអប់រំមធ្យមសិក្សា ដើម្បីស្នើសុំគ្រឿងឥស្សរិយយស និងមេដាយការងារ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកប្រធាន អនុប្រធាន និងមន្ត្រីជំនាញនៃការិយាល័យអប់រំ យុវជន និងកីឡាក្រុងសំរោង។

លោកស្រី ហេង សុជាតិ បានថ្លែងថា គោលបំណង និងខ្លឹមសារសំខាន់នៃកិច្ចប្រជុំរួមមាន ជាការពិនិត្យស្នាដៃ និងសមិទ្ធកម្ម តាមរយៈការវាយតម្លៃយ៉ាងហ្មត់ចត់លើលទ្ធផលការងារ និងការលះបង់របស់អង្គភាពសាលារៀន ក៏ដូចជាបុគ្គលិកអប់រំមធ្យមសិក្សាទូទាំងក្រុង ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នាពេលកន្លងមក។ ការស្នើសុំមេដាយការងារ រៀបចំបញ្ជីឈ្មោះ និងសក្ខីកម្មនានា ដើម្បីស្នើសុំមេដាយការងារ និងគ្រឿងឥស្សរិយយសពីថ្នាក់លើ ជូនដល់បុគ្គលិកអប់រំដែលមានស្នាដៃឆ្នើម ប្រកបដោយតម្លាភាព និងយុត្តិធម៌។

លោកស្រីបន្តថា ការងារនេះជាការលើកកម្ពស់មនសិការវិជ្ជាជីវៈ ដើម្បីជាការតបស្នងចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ដែលជា "ឪពុកម្ដាយទីពីរ" ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ក្រុងសំរោងយើង។ លោកស្រីអភិបាលរងក្រុង ក៏បានសង្កត់ធ្ងន់ថា មេដាយការងារមិនត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះទេ ប៉ុន្តែគឺជាកិត្តិយស និងជាការទទួលស្គាល់ជាផ្លូវការនូវគុណបំណាច់របស់បុគ្គលិកអប់រំម្នាក់ៗចំពោះសង្គមជាតិ។ លោកស្រីក៏បានជំរុញឱ្យការិយាល័យជំនាញ បន្តតាមដាន និងវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាអ្នកដែលសមស្របនឹងទទួលបាន និងត្រូវបានលើកទឹកចិត្តដោយមិនរំលងម្នាក់ណាឡើយ៕
ដោយ ទិត ស្រ៊





