ឯកឧត្តម ហ៊ែល តូនី៖ ការការពារធនធានធម្មជាតិព្រៃលិចទឹកគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នា
AKP កំពង់ធំ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦--
ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានលើកឡើងថា "ការការពារធនធានធម្មជាតិព្រៃលិចទឹកគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នា"។ ឯកឧត្តមលើកឡើងដូច្នេះក្នុងឱកាសដែលឯកឧត្តម និងសហការី ព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញចុះពិនិត្យមើលស្ថានភាពព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម ហ៊ែល តូនី បានសង្កត់ធ្ងន់ថា គ្មានការរុះរើ ឬកាត់ឆ្វៀលថ្មីៗទៀតឡើយដើម្បីជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសគឺត្រូវគោរពនិងអនុវត្តតាមការចង្អុលបង្ហាញ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែការពារដាច់ខាតឱ្យខាងតែបានដើម្បីទុកជាជម្រកត្រីពង ជីវចម្រុះនិងជាធនធានធម្មជាតិកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ ឯកឧត្តម ហ៊ែល តូនី បានកោតសរសើរខ្ពស់ដល់អាជ្ញាធរស្រុកស្ទោង ជាពិសេសលោក សាយ គឹមឡម ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង និងសហការីព្រមទាំងកងកម្លាំងនៅទីបញ្ជាការស្រាលទាំង៥ទីតាំងដែលបានលះបង់សព្វបែបយ៉ាងក្នុងការការពារនូវធនធានធម្មជាតិពីការរុករានទន្ទ្រានពីជនឱកាសនិយមបានល្អប្រសើរក្នុងរយៈពេលកន្លងមក។ ឯកឧត្តមបានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោងសូមបន្តវប្បធម៌និងចូលរួមថែរក្សាការពារតំបន់ជីវៈចម្រុះទីតាំងអភិរក្សនិងព្រៃរនាមព្រៃលិចទឹក ដែលជាជម្រកត្រីពង កូននិងគម្របធម្មជាតិឱ្យបានគង់វង្សស្ថិតស្ថេរតទៅព្រោះជាតំបន់រណបនៃតំបន់ររ៉ាមសារស្ទឹងសែន រ៉ាមសារទន្លេឆ្មា និងបឹងទន្លេសាប។

ជាមួយនេះដែរ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ហ៊ែល តូនី ដែលបានឧបត្ថម្ភគាំទ្រសម្រាប់ការចុះល្បាតការពារ ធនធានធម្មជាតិមច្ឆជាតិ ព្រៃរនាមលិចទឹក និងនៅតាមទីបញ្ជាការស្រាលទាំងប្រាំក្នុងភូមិសាស្ត្រស្រុកស្ទោង ដើម្បីធានាមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា អាជ្ញាធរទន្លេសាបបានដាំបង្គោលជើងបីចំនួន៧៩បង្គោលក្នុងភូមិសាស្ត្រស្រុកស្ទោងដើម្បីការពារអភិរក្សព្រៃលិចទឹកនៅក្នុងតំបន់បី៕
ដោយ ស៊ុម វណ្ណា





