នាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សាចុះពិនិត្យស្ថានភាពជាក់ស្តែង និងចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពជាមួយសាលាបឋមសិក្សាមនោរម្យ ១ និង ២
AKP ភ្នំពេញ ថ្ងៃទី២១ មីនា ឆ្នាំ២០២៦--
មន្ត្រីនៃអគ្គនាយកដ្ឋានឧត្តមសិក្សាក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋាន និងលោក គង់ ភូមីកា ប្រធាននាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សា បានចុះពិនិត្យជាក់ស្តែងនូវស្ថានភាពសាលារៀន និងបានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពជាមួយសាលាបឋមសិក្សាមនោរម្យ ១ និង ២ ដែលមានទីតាំងស្ថិតនៅភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សូមជម្រាបជូនថា មុនសង្គ្រាមឈ្លានពានរបស់ថៃសាលារៀននេះមានសិស្សសរុបចំនួន៨៥នាក់ ហើយបច្ចុប្បន្នត្រូវបានបិទទ្វារ ព្រោះស្ថិតក្នុងតំបន់ក្រហម។ សិស្សចំនួន៤៥អង្គ/នាក់ ដែលកំពុងស្នាក់នៅក្នុងជំរំជនភៀសសឹកកំពុងរៀននៅក្នុងសាលាបឋមសិក្សាគោកមន ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល។ ចំណែកឯសិស្ស៤០នាក់ទៀតកំពុងរៀននៅតាមទីតាំងផ្សេងៗគ្នា។

ក្នុងដំណើរចុះបំពេញការងារនេះក្រុមការងារបានចុះទៅដល់ទីតាំងសាលារៀនផ្ទាល់ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ។ ជាមួយគ្នានេះ ក្រុមការងារបានជួបពិភាក្សាជាមួយលោកនាយកសាលា និងលោកគ្រូ អ្នកគ្រូ ក្នុងការរៀបចំផែនការតម្រូវការជាក់ស្តែងក្នុងពេលបច្ចុប្បន្ន និងត្រៀមសម្រាប់ទទួលសិស្សត្រឡប់ទៅរៀនវិញនៅពេលខាងមុខ ដើម្បីដាក់ជូនក្រុមការងារដោះស្រាយតាមលទ្ធភាពជាជំហានៗ។

ក្រុមការងារក៏បាននាំយកទៅជាមួយនូវថវិកា សម្ភារសិក្សា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដើម្បីប្រគល់ជូនដល់នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចុះជួយដល់មូលដ្ឋានផ្ទាល់ ដើម្បីធានាថាការអប់រំនៅតាមតំបន់ដាច់ស្រយាលទទួលបានការគាំទ្រ និងការអភិវឌ្ឍប្រកបដោយសមធម៌៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





