កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ៖ "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហម" ជួយដល់ពលរដ្ឋរងគ្រោះដោយសារសង្គ្រាមចំនួន១២៥គ្រួសារ នៅស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦--
ក្នុងស្មារតីមនុស្សធម៌ដែលមិនទុកនរណាម្នាក់ចោល សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅដល់ដៃប្រជាពលរដ្ឋចំនួន១២៥គ្រួសារ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងមូលដ្ឋានស្រុកស្វាយចេក។

ក្នុងសកម្មភាពចុះចែកអំណោយកាលពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ លោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។លោកអនុប្រធានបានមានប្រសាសន៍សង្កត់ធ្ងន់ថា "សម្តេចប្រធាន តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនគិតពីនិន្នាការនយោបាយឡើយ។ នេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីពាក្យស្លោក "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល។ ទោះបីបងប្អូនស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ កាកបាទក្រហមនឹងនៅក្បែរបងប្អូនជានិច្ច"។

ក្រៅពីការផ្តល់ជំនួយសម្ភារ លោក បឹង គឹមសឹង ក៏បានអំពាវនាវដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នលើបញ្ហាសុខភាព និងសុវត្ថិភាព អនាម័យរស់នៅប្រកាន់ខ្ជាប់ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីការពារជំងឺឆ្លងផ្សេងៗ។ ប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ក្នុងកំឡុងពេលអាកាសធាតុប្រែប្រួល។កាត់បន្ថយការបរិភោគប្រៃ ឬផ្អែមខ្លាំង និងភេសជ្ជៈកំប៉ុង ដើម្បីបង្ការជំងឺមិនឆ្លង។ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ភ្លើង និងអគ្គិសនីក្នុងរដូវក្ដៅ។

តំណាងប្រជាពលរដ្ឋដែលបានទទួលអំណោយ បានសម្តែងនូវក្តីរំភើបរីករាយជាពន់ពេក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែផ្តល់ក្តីសង្ឃឹម និងការឧបត្ថម្ភទាន់ពេលវេលាដល់ពួកគេក្នុងគ្រាដ៏លំបាក។
ពលរដ្ឋម្នាក់បានលើកឡើងដោយក្ដីរំភើបថា "ពួកខ្ញុំមានអារម្មណ៍ថាមិនឯកោឡើយ ព្រោះរាល់ពេលមានទុក្ខលំបាក គឺតែងតែឃើញវត្តមានថ្នាក់ដឹកនាំ និងក្រុមកាកបាទក្រហមចុះមកជួយដល់ខ្នងផ្ទះជានិច្ច"។
សូមបញ្ជាក់ថាអំណោយដែលបានផ្តល់ជូនគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងថវិកាលើកទឹកចិត្តមួយចំនួនទៀត ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ៕
ដោយ ឈុន សារ៉ាត





