អភិបាលរងខេត្តកំពង់ធំចុះពិនិត្យផ្សារលក់ចុងសប្តាហ៍របស់រដ្ឋបាលស្រុកសន្ទុក
AKP កំពង់ធំ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦--
លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានចុះពិនិត្យផ្សារលក់ចុងសប្តាហ៍របស់រដ្ឋបាលស្រុកសន្ទុកដែលមានទីតាំងស្ថិតនៅភូមិសំពង់ ឃុំប្រាសាទ (បេនឡានថ្មី ច្រមុះជ្រូកសួនស្ត្រីគ្រប់លក្ខណ៍) ដោយដំណើរការបើកលក់ពីម៉ោង៦៖០០ព្រឹក ដល់ម៉ោង៦៖០០ល្ងាចរៀងរាល់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ។

លោក ជា វ៉ាន់ចាន់ និងក្រុមការងារ បានចុះពិនិត្យការដាក់លក់៖ ១. ប្រភេទបន្លែ (ស្ពៃតឿ ស្ពៃខៀវ ត្រឡាច ឃ្លោក ត្រសក់ ផ្សិតអំបោះ ត្រប់ សណ្តែកគួរ ម្ទេស ត្រគួន ស្លឹកផ្ទី ម្រះព្រៅ ល្ពៅ ននោង ស្លឹកគ្រៃ ត្រួយល្ពៅ ស្លឹកម្រះនិងភ្លៅកង្កែបជាដើម)។ ២. ប្រភេទអង្ករ (អង្កររំដួលក្រហម និងអង្កររំដួលសម្រូប)។ ៣. ប្រភេទត្រីស្រស់ (ត្រីរ៉ស់ ត្រីឆ្ដោ ត្រីប្រា និងត្រីកែឆ្នៃមានប្រហិតត្រីស្លាត ត្រីងៀត ត្រីប្រៃ ត្រីឆ្អើរ ប្រហុក ផ្អក)។ ៤. ប្រភេទសាច់ (សាច់មាន់)។ ៥. ប្រភេទពង (ពងទាសាប និងពងទាប្រៃ)។ ៦. ប្រភេទនំខ្មែរ (អន្សមនំល្ពៅ ស្វាយទុំ និងដំឡូងស្ងោរ)។ ៧.ប្រភេទជីមានជីធម្មជាតិគ្រាប់ និងម្សៅ។

លោក វណ្ណៈ សោភានិត អភិបាលស្រុកសន្ទុក បានលើកឡើងថាក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ តែងតែយកចិត្តទុកដាក់ទៅលើវិស័យកសិកម្ម ពិសេសការដាក់តាំងលក់បន្លែមានគុណភាពនៅខេត្តកំពង់ធំ ក្នុងនោះក៏មានស្រុកសន្ទុកកំពុងតែចាប់ផ្ដើមដាក់តាំងលក់បន្លែផងដែរ។
លោកអភិបាលស្រុកបានអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ចុះមូលដ្ឋានខេត្តនិងស្រុកសន្ទុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ចូលរួមជួយគាំទ្រដល់កសិផលខ្មែររបស់យើងទាំងអស់គ្នា ដើម្បីលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកសន្ទុកទាំងមូល ដើម្បីយកទៅទទួលទានមិនប៉ះពាល់សុខភាព។
សូមបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានឧបត្ថម្ភឆ័ត្រចំនួន៦ និងធុងបាស់០១គ្រឿង ចំណែកឯមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំបានឧបត្ថម្ភស្តង់ចំនួន៦ស្តង់ ក្នុងនោះក៏មានការគាំទ្រពីរដ្ឋបាលខេត្តស្រុកនិងឃុំដើម្បីឱ្យដំណើរការលក់បន្លែធម្មជាតិប្រកបដោយគុណភាព និងមានអនាម័យ៕
ដោយ ស៊ុម វណ្ណា





