អភិបាលស្រុកតាំងគោក៖ រួមគ្នាលុបបំបាត់ឱ្យបានទាំងស្រុងរាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀន
AKP កំពង់ធំ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦--
លោក ហាក់ ម៉ុងហួត អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ស្រុកតាំងគោក បានណែនាំដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ស្រុក ត្រូវរួមគ្នាលុបបំបាត់ឱ្យបានទាំងស្រុង រាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ដោយអនុវត្តវិធានការច្បាប់គឺជាកិច្ចការដ៏សំខាន់និងមានប្រសិទ្ធភាពបំផុត។

លោកអភិបាលស្រុកបានធ្វើការណែនាំដូចនេះកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ថ្នាក់ស្រុក ដើម្បីរួមគ្នារិះរកមធ្យោបាយនិងដាក់ចេញវិធានការសំខាន់ៗ ដើម្បីលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសជួញដូរនិងការប្រើប្រាស់គ្រឿងញៀនក្នុងស្រុក។

លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា វិធានការអនុវត្តច្បាប់គឺជាកិច្ចការដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការជួញដូរការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ដូច្នេះត្រូវធ្វើការប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព។ "ចាប់ពីពេលនេះតទៅគណៈកម្មាធិការគ្រឿងញៀនថ្នាក់ស្រុក ត្រូវយកចិត្តទុកដាក់លុបបំបាត់ឱ្យបានទាំងស្រុង នូវរាល់បទល្មើសជួញដូរនិងការប្រើប្រាស់គ្រឿងញៀននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន"។

លោកអភិបាលស្រុកបានណែនាំដល់គ្រប់អង្គភាពអនុវត្តច្បាប់ ត្រូវឈរលើស្មារតី "៣កុំ ១ រាយការណ៍" គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានក្តៅដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋនៃគ្រឿងញៀន បង្ក្រាបឱ្យបានដល់មេក្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឱ្យបាននូវឫសគល់ នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។ បន្ថែមពីនេះ លោកក៏បានណែនាំឱ្យមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ដើម្បីធ្វើជាភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ច ក្នុងការរាយការណ៍ ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលយើងរស់នៅក៏ដូចជាទទួលបានសារអប់រំទូលំទូលាយផងដែរ៕
ដោយ ស៊ុម វណ្ណា





