មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង អបអរសាទរទិវាវប្បធម៌ជាតិលើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ"
AKP កំពង់ឆ្នាំង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦--
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក យិន សាវ៉េន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ថែរក្សាវប្បធម៌ប្រពៃណី ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាអត្តសញ្ញាណព្រលឹងជាតិខ្មែរ បន្តជ្រើសរើសប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ព្រោះយុវជនជារដ្ឋាភិបាលកម្លាំងចលករដ៏ខ្លាំង ក្នុងការទ្រទ្រង់វប្បធម៌ជាតិ ឱ្យរីកចម្រើនទៅមុខ។ យុវជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយបើមើលទៅក្នុងវិស័យវប្បធម៌ យុវជនក៏ចូលរួមច្រើនដែរ ជាពិសេស ក្នុងព្រឹត្តិការណ៍សំណេរអង្គរ មានយុវជនចូលរួមច្រើនណាស់ ដែលមកពីទូទាំងប្រទេស។

ទន្ទឹមនឹងនេះ លោកបានលើកឡើងទៀតថា ដើម្បីធ្វើជារបៀបវារៈនៃការរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦នេះ ក្នុងគោលបំណងជំរុញឱ្យប្រជាជន មហាជនទូទៅ យុវជនដែលជាសសរទ្រូងរបស់ជាតិ និងជាអ្នកបន្តវេនបង្កើនការស្រឡាញ់ និងការទទួលយកនូវចំណេះ សំដៅលើកកម្ពស់ការអភិរក្ស បំផុសស្មារតីចូលរួមក្នុងការផ្ទេរជំនាញបច្ចេកទេសសិល្បៈវប្បធម៌ និងការអភិវឌ្ឍវប្បធម៌ជាតិ ដែលជាមូលដ្ឋាននៃសាមគ្គីភាពនិងភាពសុខដុមរបស់សង្គមជាតិ។ ម្យ៉ាងវិញទៀតតម្លៃមហាសាលនៃវប្បធម៌ជាតិ គឺជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយសក្តានុពលខ្ពស់ក្នុងការរួមចំណែកតាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចសង្គម។

ថ្លែងក្នុងបរិបទនេះ លោកអភិបាលរងបានជំរុញដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ ក្នុងនោះយុវជន ចូលរួមថែរក្សាការពារនូវវប្បធម៌ជាតិ គាំទ្រលើកទឹកចិត្ត និងបានផ្តល់អាទិភាពខ្ពស់ដោយចាត់ទុកថាវប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សាសង្គម ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និងគ្មានការរើសអើង។ យើងទាំងអស់គ្នាបានដឹងហើយថាកម្ពុជាជាប្រទេសមួយដែលសម្បូណ៍ទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ដែលបុព្វបុរសរបស់យើងបានកសាង និងបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ៕
ដោយ បៃ ស៊ីថុន





