ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៖ ខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការ មេគង្គ–ឡានឆាង ជាចំណុចសំខាន់មួយក្នុងដំណើររួមរបស់យើងឆ្ពោះទៅរក សន្តិភាព សេចក្តីរីកចម្រើន និងភាពសុខដុមរមនា
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ មានកិត្តិយស និងសេចក្តីរីករាយយ៉ាងខ្លាំង ក្នុងការស្វាគមន៍យ៉ាងកក់ក្តៅដល់អស់លោកលោកស្រីទាំងអស់ មកកាន់រាត្រីដ៏អធិកអធម ខណៈពេលដែល កម្ពុជា-ចិន អបអរសាទរ សប្តាហ៍ មេគង្គ–ឡានឆាង(MLC) ២០២៦ និងជាពិសេស ខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការ មេគង្គ–ឡានឆាង ដែលជាចំណុចសំខាន់មួយក្នុងដំណើររួមរបស់ កម្ពុជា-ចិន ឆ្ពោះទៅរក សន្តិភាព សេចក្តីរីកចម្រើន និងភាពសុខដុមរមនា។
ក្នុងពិធីទទួលភ្ញៀវ “យប់ឡានឆាង–មេគង្គ” នាព្រលប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood ភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការ មេគង្គ–ឡានឆាង បានក្លាយជាវេទិកាដែលមានសកម្មភាពខ្ពស់ និងផ្តោតលើលទ្ធផល ជំរុញការសន្ទនា ការអភិវឌ្ឍ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ការសហប្រតិបត្តិការរបស់កម្ពុជា-ចិន បាននាំមកនូវលទ្ធផលជាក់ស្តែងក្នុងវិស័យជាច្រើន ដូចជា ការគ្រប់គ្រងធនធានទឹកយ៉ាងចីរភាព ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន។ ក្នុងនោះ មូលនិធិពិសេស មេគង្គ–ឡានឆាង គឺជាឧបករណ៍មានប្រសិទ្ធភាពខ្ពស់ ដែលអាចបម្លែងគំនិតរួមទៅជាគម្រោងជាក់ស្តែង។


ចាប់តាំងពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកដំបូងនៅជីងហុង ឆ្នាំ ២០១៥ និងកិច្ចប្រជុំមេដឹកនាំលើកដំបូងនៅសានយ៉ា ឆ្នាំ ២០១៦ កម្ពុជា-ចិន បានជំរុញវិស័យសហប្រតិបត្តិការយ៉ាងជាប់លាប់ ដើម្បីសម្រេចបានសហគមន៍មួយដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍចីរភាព។ ការប្តេជ្ញាចិត្តទាំងនេះ បានណែនាំការសហប្រតិបត្តិការនៅវិស័យកសិកម្ម អប់រំ វប្បធម៌ ទេសចរណ៍ ថាមពល និងការលើកកម្ពស់ស្ត្រី។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ បង្ហាញយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការ មេគង្គ–ឡានឆាង មិនមែនគ្រាន់តែជាយន្តការមួយទេ ប៉ុន្តែជាដៃគូរសហការដែលរស់រវើក និងកំពុងអភិវឌ្ឍ។ វាជាគំរូដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍ ដែលអាចបម្លែងបញ្ហាទៅជាឱកាស និងបង្កើតអនាគតរួម។


បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទន្លេមេគង្គ–ឡានឆាង មិនមែនជាទេសភាពភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការជីវិតដែលភ្ជាប់ប្រទេសយើង។ ការសហប្រតិបត្តិការរបស់យើង បានផ្លាស់ពីការសន្ទនា ទៅជាលទ្ធផលជាក់ស្តែង។ សម្រាប់កម្ពុជា ទន្លេមេគង្គ មានន័យសំខាន់យ៉ាងជ្រាលជ្រៅ ទាំងជាធនធានធម្មជាតិ និងជានិមិត្តរូបនៃទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្រ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តភាព និងការគាំទ្ររបស់ចិន ដែលបានជួយជំរុញការអភិវឌ្ឍរបស់យើង។ កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រការអភិវឌ្ឍគុណភាពខ្ពស់ក្រោមគំនិត “ខ្សែក្រវាត់ និងផ្លូវ”។ កម្ពុជា-ចិន ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗ ដូចជា ទឹក បរិស្ថាន សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបៃតង។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានប្រកាសថា នឹងមានកម្មវិធី MLC Fun Run នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងនរា ភ្នំពេញ ដើម្បីលើកកម្ពស់មិត្តភាព និងគាំទ្រការសប្បុរសធម៌ សម្រាប់មន្ទីរពេទ្យកុមារ តាមរយៈមូលនិធិគន្ធបុប្ផា។

ក្នុងឱកាសនោះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណា ចក្រកម្ពុជា ក៏បានលើកឡើងថា ក្នុងរយៈពេល ១០ ឆ្នាំចាប់តាំងពីការប្រជុំកំពូលលើកដំបូងក្នុងឆ្នាំ ២០១៦ កិច្ចសហប្រតិបត្តិការ ឡានឆាង–មេគង្គ បានអភិវឌ្ឍយ៉ាងលឿន និងទទួលបានលទ្ធផលសំខាន់ៗ ជាដំណាក់កាល។ ក្រោមការដឹកនាំយុទ្ធសាស្ត្ររបស់មេដឹកនាំទាំង៦ ប្រទេស ចិន និងប្រទេសនៅតំបន់ទន្លេមេគង្គ បានបង្កើតសហគមន៍វាសនារួមទ្វេភាគី និងពហុភាគី។ ប្រព័ន្ធកិច្ចសហប្រតិបត្តិការ កាន់តែពេញលេញ រួមមាន កិច្ចប្រជុំមេដឹកនាំ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ និងក្រុមការងាររួម។ វាបានក្លាយជាវេទិកាសហប្រតិបត្តិការដែលមានភាពសកម្ម និងសក្ដានុពលខ្ពស់បំផុតមួយក្នុងតំបន់។ កិច្ចសហប្រតិបត្តិការ បានចូលទៅដំណាក់កាលអភិវឌ្ឍពេញលេញ ដោយផ្តោតលើវិស័យអាទិភាព៥ និងការសាងសង់តំបន់សេដ្ឋកិច្ចតាមដងទន្លេ។ ការផ្លាស់ប្តូរប្រជាជន កាន់តែងាយស្រួល និងកិច្ចសហប្រតិបត្តិការសន្តិសុខ កាន់តែរឹងមាំ។ អារម្មណ៍ជាគ្រួសាររួមឡានឆាង–មេគង្គ កាន់តែជ្រាលជ្រៅក្នុងចិត្តប្រជាជន។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងបញ្ជាក់ថា ក្រោមក្របខណ្ឌ ចិន និងកម្ពុជា បានអនុវត្តគម្រោងជាច្រើនដែលមានប្រសិទ្ធភាព ខាងវិស័យជាច្រើន និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនយ៉ាងទូលំទូលាយ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ភាគីចិន បានគាំទ្រកម្ពុជា អនុវត្តគម្រោងចំនួន ១០៦ គម្រោង ដែលគ្របដណ្តប់លើវិស័យដូចជា ដឹកជញ្ជូន កសិកម្ម សុខាភិបាល វិទ្យាសាស្ត្រ យុវជន កាត់បន្ថយភាពក្រីក្រ និងទេសចរណ៍។ គម្រោងទាំងនេះបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនរាប់សែននាក់ នៅក្នុងជាង ១០ ខេត្ត៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សិរី ឧត្តម





