អភិបាលរងខេត្តកំពង់ស្ពឺជំរុញឱ្យមន្ទីរវប្បធម៌ខេត្តបង្កើនការបណ្ដុះបណ្ដាលសិល្បៈដល់យុវជនតាមសាលារៀនក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា
AKP ភ្នំពេញ ថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦ -- មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានរៀបចំ ពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ជា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ចើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
តំណាងឯកឧត្តមបណ្ឌិតអភិបាលខេត្ត ឯកឧត្តម ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង។ ឯកឧត្តមបានបញ្ជាក់ថា ទិវាវប្បធម៌ជាតិ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត ដើម្បីរំលឹកដល់គុណូបការៈដ៏ថ្លៃថ្លារបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីកសាង ថែរក្សា និងការពារនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរង បានស្នើឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បន្តរៀបចំវគ្គបណ្ដុះបណ្ដាល និងកម្មវិធីអប់រំនានា ដើម្បីឱ្យយុវជនជំនាន់ក្រោយបានស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពីមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិយើង។ ឯកឧត្តមបានជំរុញឱ្យតាមបណ្ដាវិទ្យាល័យនានាក្នុងខេត្ត ត្រូវសហការជិតស្និទ្ធជាមួយមន្ទីរវប្បធម៌ ដើម្បីរៀបចំឱ្យមានកម្មវិធីបណ្ដុះបណ្ដាលសិល្បៈ និងវប្បធម៌នៅតាមសាលារៀនផ្ទាល់ ដែលជាការបណ្ដុះពន្លកសិល្បៈតាំងពីកម្រិតមូលដ្ឋាន។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការស្រាវជ្រាវ និងចងក្រងជាសៀវភៅ ឬឯកសារវប្បធម៌នានាដែលមិនទាន់មាន ដើម្បីទុកជាប្រភពចំណេះដឹង និងជាមរតកសម្រាប់កូនខ្មែរគ្រប់ជំនាន់បានសិក្សារៀនសូត្រ និងមិនឱ្យបាត់បង់ទៅតាមពេលវេលា។


ឯកឧត្តមក៏បានសង្កត់ធ្ងន់ទៅលើប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ផងដែរ ដែលវាជាកម្លាំងចលករដ៏មានសក្តានុពល និងជាអ្នកបន្តវេនដ៏សំខាន់ក្នុងការថែរក្សាអត្តសញ្ញាណជាតិ។ ក្នុងយុគសម័យឌីជីថលនេះ យុវជនត្រូវប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌ខ្មែរឱ្យកាន់តែរីកសុះសាយ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ តាមរយៈព្រឹត្តិការណ៍នេះ លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក៏បានបង្ហាញនូវទម្រង់សិល្បៈបុរាណ និងប្រពៃណីមួយចំនួន ដើម្បីឱ្យសិស្សានុសិស្សបានយល់ដឹងកាន់តែច្បាស់ និងចូលរួមទស្សនាដោយក្ដីមោទនភាព៕

ដោយ៖ ម៉ែន ប៊ុនធីម





