បេក្ខជន៣រូប ឈ្នះការប្រឡងចម្រៀងជនមានពិការភាព ឆ្នាំ២០២៥ ពានរង្វាន់ក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ -- មហោស្រពប្រឡងចម្រៀងជនមានពិការភាព ឆ្នាំ២០២៥ ពានរង្វាន់ក្រសួងព័ត៌មាន បានរកឃើញបេក្ខជនចំនួន៣រូប ទទួលបានជ័យលាភីឈ្នះក្នុងការប្រកួត ខណៈបេក្ខជន ៣ រូប ផ្សេងទៀត បានឈ្នះជ័យលាភីកិត្តិយស កាលពីរសៀលថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២៦។

សម្រាប់ការប្រឡងចម្រៀងជនមានពិការភាព បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៦។ ក្នុងវគ្គផ្តាច់ព្រ័ត្របានធ្វើឡើង កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដែលមានបេក្ខជនជើងខ្លាំង ៦រូប ចូលរួមប្រឡង ហើយម្នាក់ៗតម្រូវឱ្យច្រៀងបទចម្រៀង២បទ។ ចំពោះលទ្ធផលក្នុងការប្រឡងនោះគឺ ជ័យលាភីលេខ១បានទៅលើលោក រដ្ឋ ពិទូ ដែលពិការភ្នែកទាំងសងខាង មកពីខេត្តកណ្តាល លេខ២ បានទៅលើលោក ឆឺ គូឡា មកពីខេត្តកណ្តាល និងលេខ៣ បានទៅលើអ្នកនាង ចេង សំអាត មកពីខេត្តកំពត ដែលពិការភាពភ្នែកទាំងសងខាងតាំងតែពីកំណើត។ ចំពោះអ្នកជ័យលាភីលេខ១ ទទួលបានទឹកប្រាក់១០លានរៀល ពានរង្វាន់មួយ, លេខ២ ទទួលបានទឹកប្រាក់៨លានរៀល ពានរង្វាន់មួយ និងលេខ៣ ទទួលបានទឹកប្រាក់៦លានរៀល និង ពានរង្វាន់មួយ។ ចំណែក ជ័យលាភីកិត្តិយស ៣ រូប ផ្សេងទៀត ក្នុងម្នាក់ៗ ទទួលបានទឹកប្រាក់ ២លានរៀល ។

ថ្លែងក្នុងពិធីនេះលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនេះបានគូបញ្ជាក់ថា កម្មវិធីប្រលងចម្រៀងជនមានពិការភាពនេះបានបង្ហាញឱ្យឃើញពីការលើកកម្ពស់ និងការយកចិត្តទុកដាក់ចំពោះជនពិការភាពនៅកម្ពុជាដោយបង្ហាញឱ្យសាធារណជន ពិសេសជនមានពិការភាពផ្ទាល់បានឃើញ និងដឹងច្បាស់ថាយើងទាំងអស់គ្នាមិនទុកឱ្យពួកគាត់ចោលឱ្យឯកកោឡើយ។ លោកជំទាវបានថ្លែងបញ្ជាក់ថា ការចូលរួមរបស់ជនមានពិការភាព ក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍ ត្រូវបានលើកទឹកចិត្ត និងត្រូវបានទទួលស្គាល់តាម រយៈសមត្ថភាព ការខិតខំប្រឹងប្រែង និងការតស៊ូមិនចុះញ៉មរបស់ពួកគាត់។

លោកជំទាវ ទុយ សិរីរតនៈ បានថ្លែងបញ្ជាក់បន្ថែមថា តាមរយៈការលើកកម្ពស់ជនពិការភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ឃើញជនមានពិការភាពបានចូលបម្រើការងារ ទាំងវិស័យឯកជន មន្រ្តីរាជការ និងអ្នកខ្លះបានក្លាយជាគ្រូបង្រៀន អ្នកចម្រៀងអាជីព ហើយក៏មានយុវជនពិការភាពជាច្រើនបានទទួលអាហារូបករណ៍ដើម្បីបន្តការសិក្សាឧត្តមសិក្សា ហើយខ្លះទៀតបន្តសិក្សានៅបរទេស និងខ្លះបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតទៀតផង។

ជាមួយគ្នានេះ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ នេះ មានគោលបំណងសំខាន់ចូលរួមចំណែកផ្តល់ក្តីស្រឡាញ់ លើកកម្ពស់សិទ្ធិ និងផ្តល់ឱកាសដល់បងប្អូនមានពិការភាព បានបញ្ចេញនូវសមត្ថភាព ទេពកោសល្យផ្នែកសិល្បៈចម្រៀង និងក៏ជាការបង្ហាញថា ជនមានពិការភាព ក៏មានសមត្ថភាពនិងស្នាដៃក្នុងការចូលរួមកសាង អភិវឌ្ឍន៍សង្គមជាតិដូច អ្នកមិនមានពិការភាពដែរ។ ឯកឧត្តមអគ្គនាយកបានលើកឡើងថាមហោស្រពប្រឡងចម្រៀងជនមានពិការភាព២០២៥ ពានរង្វាន់ក្រសួងព័ត៌មាននេះ គ្រោងនឹងរៀបចំតាំងពីខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែ ដោយសារកត្តាសុខសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទើបអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សម្រេចពន្យារពេល រហូតមកដល់ជិតចុងខែមីនា ឆ្នាំ២០២៦នេះ។

សូមបញ្ជាក់ផងដែរថា ការការប្រឡងចម្រៀងជនមានពិការភាព ឆ្នាំ២០២៥ ពានរង្វាន់ក្រសួងព័ត៌មាន ត្រូវបានគណៈកម្មការបានដាក់ពិន្ទុយ៉ាងសុក្រឹតបំផុត ដោយផ្តោតទៅលើចំណុចសំខាន់ចំនួន៣ គឺទី១ ទឹកដមសំឡេង ដែលនឹងទទួលបានចំនួន ៤ពិន្ទុ ទី២ ចង្វាក់ត្រឹមត្រូវ ទទួលបានចំនួន ៣ពិន្ទុ និងទី៣ អក្ខរាវិរុទ្ធច្បាស់លាស់ ត្រឹមត្រូវ នឹងទទួលបាន៣ពិន្ទុ៕
ដោយ៖ មករា





