សិស្សថ្នាក់ទី៧ ទី៨ នៃសាលាប៊ែលធីអន្តរជាតិជិត ៨ ០០០នាក់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ -- សិស្សសាលាប៊ែលធីអន្តរជាតិថ្នាក់ទី៧ ទី៨ ចំនួនជាង ៧ ៨៤៣ នាក់ ទាំង៣២សាខា ទទួលបានចំណេះដឹងពីកម្មវិធីបង្កើនចំណេះដឹងទូទៅ ស្តីពីការយល់ដឹងពីគ្រឿងញៀន និងបារីអេឡិចត្រូនិក ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាបានថ្លែងថា សិស្សសាលាប៊ែលធីអន្តរជាតិទាំងអស់ត្រូវចូលរួមការពារខ្លួនឯង ក្រុមគ្រួសារ និងជួយអ្នកជិតខាងកុំឱ្យប្រើ និងញៀនគ្រឿងញៀនចៀសវាងដាច់ខាតមិនទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក និងចូលរួមជួយសង្គម ជាកូនល្អ សិស្សល្អ មិត្តល្អ ប្រជាពលរដ្ឋល្អ មានគុណធម៌ និងសាមគ្គីភាព។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំការកោតសសើរ និងអរគុណពីឯកឧត្ដមសន្តិបបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់ឯកឧត្ដមបណ្ឌិត លី ឆេង អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធីគ្រុប និងសហការីទាំងអស់ដែលបានរៀបចំកម្មវិធីសិក្សាបន្ថែមដល់សិស្សជាង ៧ ៨៤៣នាក់ មកទទួលការយល់ដឹងពីគ្រឿងញៀន ផលប៉ះពាល់នៃគ្រឿងញៀន យល់ដឹងពីការបង្ការខ្លួនឯង។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះគឺជាការចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាបញ្ហាស្មុគស្មាញ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ហើយសិស្សានុសិស្ស បានយល់ដឹងកាន់តែទំលំទូលាយមិនទៅប៉ះពាល់បារីអេឡិចត្រូនិក ដែលនាំប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

ជាមួយគ្នានោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានសំណូមពរដល់អ្នកចូលរួមទាំងអស់ សូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិកត្រូនិក និងរួមគ្នាផ្សព្វផ្សាយនិងប្រើប្រាស់ App NoDrug : https://nodrugsnacd.com/download ដើម្បីទទួលបានចំណេះដឹង កម្សាន្តអប់រំ ព័ត៌មាន មេរៀន ទីតាំងព្យាបាល និងការរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា៕


ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





