ក្រសួងមុខងារសាធារណៈបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង ដល់មន្រ្តីមកពីក្រសួង ស្ថាប័ន ទទួលបន្ទុកធនធានមនុស្ស
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ -- មន្រ្តីទទួលបន្ទុកធនធានមនុស្សមកពីក្រសួង ស្ថាប័ន ចំនួន៦ កំពុងចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីសិក្ខាកាមមកពីក្រសួង ស្ថាប័នទាំង៧ ដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងព័ត៌មាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

យោងតាមការបញ្ជាក់របស់គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិនៃក្រសួងមុខងារសាធារណៈបានឱ្យដឹងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីគាំទ្រដល់មន្រ្តីជំនាញតាមក្រសួង ស្ថាប័ន ឱ្យបានយល់ច្បាស់អំពីនិតិវិធីនៃការធ្វើជំរឿនមន្ត្រី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជំរឿនមន្ត្រី និងផ្ទៀងផ្ទាត់ទិន្នន័យមន្រ្តីជាក់ស្តែង ដែលកំពុងបំពេញការងារនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័នរបស់ខ្លួន ដោយប្រើប្រាស់ទិន្នន័យរបស់ក្រសួងមុខងារសាធារណៈជាមូលដ្ឋានគោល។

មិនតែប៉ុណ្ណោះ គឺដើម្បីចងក្រងនូវទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។ បន្ថែមពីលើនេះ គឺការកំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទ និងអភិវឌ្ឍន៍ទិន្នន័យព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ ដោយកែលម្អឱ្យកាន់តែប្រសើរចំពោះប្រព័ន្ធបើកផ្តល់បៀវត្សរ៍ជូនដល់មន្រ្តី ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៕

ដោយ៖ ទូច វលក័្ខណ





