ឯកឧត្តម នួន ដាញ៉ិល បើកការដ្ឋានថ្មី កសាងផ្លូវបេតុងចំនួន ១ខ្សែ នៅស្រុកខ្សាច់កណ្ដាល
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបើកការដ្ឋានផ្លូវថ្មី ក្រាលបេតុងចំនួន ១ខ្សែ មានប្រវែងសរុប ១.៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ ឃុំសន្លុង ភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ភូមិស៊ីធរកើត និងឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការសាងសង់ផ្លូវនៅពេលនេះ ធ្វើឡើងតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ពិសេសប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមក មិនថារដូវប្រាំង ឬរដូវវស្សា ផ្លូវនេះមានជង្ហុក ដក់ទឹក ហុយ រអិល ដែលពិបាកក្នុងការធ្វើដំណើរសម្រាប់សិស្សានុសិស្សទៅសាលារៀន ការដឹកកសិផលរបស់ប្រជាកសិករ ក៏ដូចការធ្វើដំណើររបស់ជាប្រជាពលរដ្ឋទូទៅនៅក្នុងតំបន់នេះផងដែរ។ ការសាងសង់ផ្លូវនេះ គឺពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសផ្លូវនេះ គឺជាប្រភេទផ្លូវដែលមានភាពធន់ក្នុងការបម្រែបម្រួលអាកាសធាតុ ដែលធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ស្វាហាប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះក៏បានកំណត់យកផ្លូវជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្មើដល់កងវិស្វកម្មលេខ១៨៤ ស្ពាន-ថ្នល់ ដែលទទួលការសាងសង់ផ្លូវបេតុងនេះ ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដោយធានាថាផ្លូវនេះប្រកបដោយគុណភាព និងប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់សងខាងផ្លូវ សូមមានការយល់យោគ និងអធ្យាស្រ័យ នៅពេលដែលផ្លូវនេះកំពុងសាងសង់ អាចធ្វើឱ្យរំខានដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ ពិសេសនៅពេលផ្លូវសាងសង់រួចរាល់ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា កុំដឹកលើសទម្ងន់ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំចាក់ដីលុបប្រឡាយរំដោះទឹក ដែលនាំឱ្យផ្លូវដក់ទឹកឆាប់ខូច និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





