អង្គការទស្សនៈពិភពលោក ធ្វើទស្សនកិច្ចសិក្សាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦-- អង្គការទស្សនៈពិភពលោក (World Vision) កាលពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៦ បានធ្វើទស្សនកិច្ចសិក្សាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ដែលរៀបចំដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ (WVI-C) និងលេខាធិការដ្ឋាន គ.ជ.អ.ប ប្រកបដោយផ្លែផ្កាជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទស្សនកិច្ចចែករំលែកដែលមានរយ:ពេលពីរថ្ងៃនេះ ដែលមានអ្នកចូលរួមមកពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAF) បានចុះទៅកាន់ឃុំគោលដៅមួយផ្សេងទៀត ដើម្បីសិក្សាស្វែងយល់ ចែករំលែក បទពិសោធន៍ឱ្យកាន់តែស៊ីជម្រៅលើ «លទ្ធផលជាក់ស្ដែង» នៃការបន្ស៊ីក្របខណ្ឌ I-SAF ទៅក្នុងផែនការវិនិយោគរបស់រដ្ឋបាលឃុំ (CIP)។

លទ្ធផលគួរឱ្យកត់សម្គាល់ អ្នកចូលរួមបានសិក្សាផ្ទាល់ពីគំរូនៃការអនុវត្តល្អលើការផ្ដល់សេវាសាធារណៈ ដែលមានការចូលរួមយ៉ាងសកម្មពីពលរដ្ឋ និងការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរឃុំ-សង្កាត់។ ការឆ្លុះបញ្ចាំងពីបញ្ហាប្រឈម ការពិភាក្សាយ៉ាងផុសផុលទៅលើដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលធ្លាប់ជួបប្រទះ ក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់យកទៅកែសម្រួលការងារនៅមូលដ្ឋានរៀងៗខ្លួន។ ឆន្ទៈដ៏មុតមាំរបស់អ្នកចូលរួមទាំងអស់ក្នុងការនាំយកនូវរាល់បទពិសោធន៍ល្អៗ និងបច្ចេកទេសដែលបានរៀនសូត្រទៅអនុវត្តបន្ត និងពង្រីកវិសាលភាពនៅក្នុងតំបន់គោលដៅរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

អង្គការទស្សនៈពិភពលោកជឿជាក់ថា តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមកនេះ វានឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យការផ្ដល់សេវាសាធារណៈនៅកម្ពុជាកាន់តែមានតម្លាភាព គណនេយ្យភាព និងឆ្លើយតបបានយ៉ាងពិតប្រាកដទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

ដោយ៖ ណយ នឿន (ប្រភព៖ អង្គការទស្សនៈពិភពលោក)





