កម្ពុជា និងប្រេស៊ីល ជួបពិភាក្សាការងារ និងពិនិត្យលទ្ធភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រីក្នុងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦-- លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Susan Kleebank អនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីល នៅមជ្ឍមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី ក្នុងគោលបំណងរឹតចំណងមិត្តភាព និងពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសហគ្រិនភាពស្ត្រីនៃប្រទេសទាំងពីរ។ នៅក្នុងជំនួបដ៏មានសារៈសំខាន់នោះ ភាគីទាំងពីរបានចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រក្នុងគោលដៅជំរុញការចូលរួមរបស់ស្ត្រី និងក្មេងស្រីឱ្យកាន់តែមានសក្តានុពល។ ជាពិសេស ការស្វែងរកឱកាសថ្មីៗក្នុងការគាំទ្រដល់ស្ត្រីជាសហគ្រិន តាមរយៈការតភ្ជាប់បណ្តាញទំនាក់ទំនង និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច។

បន្ទាប់ពីកិច្ចពិភាក្សា លោកជំទាវអនុរដ្ឋមន្ត្រី Susan Kleebank ក៏បានអញ្ជើញទស្សនាមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី (WEE-DC) ដើម្បីស្វែងយល់កាន់តែច្បាស់ពីសកម្មភាពជាក់ស្តែង និងសក្តានុពលកម្មវិធីរបស់មជ្ឈមណ្ឌល រួមទាំងផលិតផល និងសេវាកម្មរបស់សហគ្រិន តាមរយៈថ្នាលគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ទីតាំងបង្ហាញផលិតផលស្រ្តី នៅតាមបណ្តាខេត្ត ដែលជាសមាជិក CPMEC Mart (របស់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា) និង WEE Market Hub និងការិយាល័យសមាគម សហគ្រិនស្ត្រីកម្ពុជា (CWEA)៕


ដោយ: ទូច វលក្ខ័ណ (ប្រភព៖ ក្រសួងកិច្ចការនារី)





