ឯកឧត្តម លី ធុជ៖ សង្រ្គោះជនរងគ្រោះដោយសារមីន មិនផ្តោតតែការឧបត្ថម្ភប៉ុណ្ណោះទេ តែត្រូវគិតដល់សេចក្តីថ្លៃថ្នូរ ការផ្តល់ឱកាស និងក្តីសង្ឃឹម
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម លី ធុជ បានបញ្ជាក់ថា ការជួយសង្រ្គោះជនរងគ្រោះដោយសារមីន មិនត្រូវផ្តោតតែលើការឧបត្ថម្ភប៉ុណ្ណោះទេ តែក៏ត្រូវគិតដល់សេចក្តីថ្លៃថ្នូរ ការផ្តល់ឱកាស និងក្តីសង្ឃឹមដល់ពួកគាត់ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ Humanity & Inclusion (HI) ស្តីពីភាពជាដៃគូកិច្ចសង្រ្គោះរងគ្រោះ និងសកម្មភាពមីននៅកម្ពុជា ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការអាជ្ញាធរមីន កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថាប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននឹងកំពុងពង្រឹងបន្ថែមលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងប្តេជ្ញាចិត្តថា មិនទុកឱ្យប្រជាពលរដ្ឋកម្ពុជាណាម្នាក់បន្តរងគ្រោះ និងមិនបានយកចិត្តទុកដាក់ឡើយ។ ជាមួយនឹងឆន្ទៈយ៉ាងមុតមាំនេះ បច្ចុប្បន្នកម្ពុជាបានប្រែក្លាយពីប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រាប់មីនទៅជាប្រទេសមួយដែលត្រូវបានទទួលស្គាល់ជាសកលសម្រាប់វឌ្ឍនភាពក្នុងសកម្មភាពមីនមនុស្សធម៌។

ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណដល់អង្គការ HI ចំពោះភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា ដែលបានចាប់ផ្តើមក្នុងខណៈដែលកម្ពុជាកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ជនមានពិការភាព និងជនងាយរងគ្រោះនៅកម្ពុជា តាមរយៈការផ្តល់សេវាស្តារនីតិសម្បទា កម្មវិធីរួមបញ្ចូលសង្គម និងការគាំទ្រតាមសហគមន៍ជាដើម។

ឯកឧត្តមបានបន្ដថា ពិធីចុះអនុស្សារណៈនេះ ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមីនមនុស្សធម៌ និងជំនួយជនរងគ្រោះនៅកម្ពុជា ក៏ដូចជាគាំទ្រដល់ការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការបច្ចេកទេស៕

ដោយ: សួស សំរិត





