អភិបាលខេត្តបន្ទាយមានជ័យ ជំរុញឱ្យគ្រូពេទ្យពង្រឹងក្រមសីលធម៌ និងប្រសិទ្ធភាពព្យាបាលដើម្បីឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦--ក្នុងស្មារតីលើកកម្ពស់សុខុមាលភាពសាធារណៈ និងការពង្រឹងគុណភាពសេវាសុខាភិបាលនៅតាមមូលដ្ឋាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវការណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីសុខាភិបាល និងគ្រូពេទ្យគ្រប់លំដាប់ថ្នាក់ឱ្យបន្តខិតខំបម្រើសេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ប្រកបដោយក្រមសីលធម៌ខ្ពស់។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលខេត្ត កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងតំណាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ អង្គការ KOFIH និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ ៧៩១នាក់។

ក្នុងរបាយការណ៍បូកសរុប លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា សន្និបាតនេះគឺជាវេទិកាសំខាន់ក្នុងការត្រួតពិនិត្យឡើងវិញនូវចំណុចខ្លាំង និងបញ្ហាប្រឈមនានា។ លោកបានបញ្ជាក់ថា ផែនការសកម្មភាពឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបយ៉ាងសកម្មទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក្នុងគោលដៅពន្លឿនវឌ្ឍនភាពកម្មវិធីសុខភាព និងឆ្ពោះទៅសម្រេចឱ្យបាននូវការគ្របដណ្ដប់សុខភាពជាសកល (UHC) នៅកម្ពុជាត្រឹមឆ្នាំ២០៣៥។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ចំពោះការលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច។ ជាពិសេស ឯកឧត្តមបានលើកសរសើរចំពោះការឆ្លើយតបទាន់ពេលវេលាក្នុងការថែទាំ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក ដែលនេះស្ដែងឱ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជាតិ។

ទន្ទឹមនោះ ឯកឧត្តមបានក្រើនរម្លឹកដល់គ្រូពេទ្យនៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទាំងអស់ត្រូវរក្សាភាពញញឹមរាក់ទាក់ចំពោះអ្នកជំងឺ និងក្រុមគ្រួសារ។ បង្កើនសមត្ថភាពបច្ចេកទេសឱ្យទាន់សម័យកាល ដើម្បីធានាប្រសិទ្ធភាពនៃការព្យាបាល។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងខេត្តឱ្យកាន់តែរឹងមាំ។

ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីដែលបានខិតខំប្រឹងប្រែង ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាលចំនួន ៦០៨នាក់ ផងដែរ៕
ដោយឈុនសារ៉ាត





