មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត
AKP កំពង់ឆ្នាំង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់មន្ទីរសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅការងាឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក យិន សាវ៉េន អភិបាលរងខេត្ត ព្រមទាំងប្រតិភូអមដំណើរ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក មន្រ្តីរាជការមន្ទីរសុខាភិបាល និងអង្គការជាដៃគូផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ថា សន្និបាទដែលបានរៀបចំឡើង និងបញ្ជប់នាពេលនេះពិតជាមានសារៈសំខាន់ណាស់ក្នុងគោលដៅដើម្បីជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចល្អតាមបែបវិមជ្ឈការ និងសហវិជ្ឈការ ដើម្បីអភិវឌ្ឍន៍សមត្ថភាព បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ការពង្រឹង និងសិក្សាបន្ថែមពីក្រមសីលធម៌វិជ្ជាជីវៈ ដែនកំណត់ និងនិយាមវិជ្ជាជីវៈដោយត្រឹមត្រូវ និងចូលជាសមាជិកគណៈវិជ្ជាជីវៈគ្រប់ៗគ្នា ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាល ការ ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយនូវភាពក្រីក្រ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ជាពហុភាគីនិងទ្វេរភាគី។ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រឱ្យបានក្នុងឆ្នាំខាងមុខ តាមរយៈការធ្វើពិតកម្មការងារថែរក្សាសុខភាព ការធ្វើអនាម័យការពារប្រសើជាងព្យាបាល និងបន្ធូរបន្ថយក្នុងការចំណាយ ដើម្បីរក្សាបាននូវប្រាក់ចំណូល។

ថ្លែងក្នុងបរិបទនេះ ឯកឧត្តមសាស្រ្តាចារ្យបានជម្រុញដល់មន្ត្រីសុខាភិបាលទាំងអស់ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តទៅតាមគោលការណ៍ដឹកនាំក្នុងភាពត្រឹមត្រូវរួមគ្នាជាធ្លុងមួយ អនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឱ្យបានល្អប្រសើរ តាមរយៈការពង្រឹង និងពង្រីកសេវាសុខភាពឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋដែលមានប័ណ្ណមូលនិធិសមធម៌ និង ប.ស.ស ដើម្បីរក្សាបាននូវកិត្យានុភាពពេទ្យខ្មែរស្របតាមរាជរដ្ឋាភិបាលបានស្វាគមន៍ គំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់ខេត្ត និងនៅថ្នាក់ជាតិ៕

ដោយ: បៃ សីថុន





