ឯកឧត្តម អ៊ុំ រាត្រី ចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់ពលរដ្ឋរងគ្រោះដោយសារសង្គ្រាមឈ្លានពាន ២០៨គ្រួសារ នៅស្រុកអូរជ្រៅ
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦--ក្នុងស្មារតីមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ និងការគិតគូរយ៉ាងដិតដល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះផ្ទាល់ដើម្បីចែកអំណោយសង្គ្រោះដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពាន។ នាឱកាសចុះសួរសុខទុក្ខកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែតាមដាន និងបារម្ភពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី។

ឯកឧត្តមប្រធានសាខាបានបញ្ជាក់យ៉ាងច្បាស់ថាកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺប្រកាន់ខ្ជាប់នូវគោលការណ៍ “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “មិនទុកនរណាម្នាក់ចោលឡើយ” ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសបងប្អូនដែលឈរជើងការពារទឹកដី និងរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជាកន្លងមកនេះ។

ក្រៅពីការផ្ដល់ស្បៀងអាហារ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់លើបញ្ហាសុខភាពសាធារណៈ ដោយបានណែនាំដល់ពលរដ្ឋនូវចំណុចសំខាន់ៗ អនាម័យរស់នៅ ប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ។ ការប្រែប្រួលអាកាសធាតុ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដូចជា ផ្គររន្ទះ និងខ្យល់កន្ទ្រាក់នាដើមរដូវវស្សា។ សុវត្ថិភាពអគ្គិភ័យ បង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងអគ្គិសនីក្នុងរដូវក្ដៅ ដើម្បីជៀសវាងគ្រោះអគ្គិភ័យ។

តំណាងប្រជាពលរដ្ឋទាំង ២០៨គ្រួសារ ក្នុងស្រុកអូរជ្រៅ ដែលបានទទួលអំណោយនាពេលនេះ បានសម្ដែងនូវក្ដីរំភើបរីករាយជាអនេក។ លោកពូអ្នកមីងដែលរងគ្រោះដោយសារការឈ្លានពានពីភាគីថៃលើដែនអធិបតេយ្យកម្ពុជា បានថ្លែងដោយក្ដីរំភើបថា

«ពួកយើងមានអារម្មណ៍ថាកក់ក្ដៅណាស់ ដែលរាជរដ្ឋាភិបាល និងកាកបាទក្រហមមិនដែលបោះបង់យើងចោលក្នុងគ្រាលំបាក។ ការចុះមកផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារនៅថ្ងៃនេះ គឺជាការលើកទឹកចិត្តយ៉ាងធំធេងសម្រាប់ពួកយើងដែលរស់នៅតាមព្រំដែន»។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូននេះគ្រួសារនីមួយៗទទួលបានសម្ភារៈឧបត្ថម្ភរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរទឹកស៊ីអ៊ីវ ១យួរ រួមនិងថវិកាមួយចំនួនទៀត។ សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែជួយសម្រាលបន្ទុកជីវភាពភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏រឹងមាំរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងការការពារ និងកសាងជីវភាពនៅតាមតំបន់ជួរមុខឱ្យកាន់តែប្រសើរឡើង៕
ដោយ: ឈុន សារ៉ាត





