ព្រឹត្តិការណ៍គុនខ្មែរ គ្រោងអង្រួនចិត្តពលករ និងសហគមន៍ខ្មែរ ដែលជាអ្នកគាំទ្រនៅកូរ៉េខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦----
ព្រឹត្តិការណ៍គុនខ្មែរ និងការសម្តែងសិល្បៈដ៏ធំនៅសាធារណរដ្ឋកូរ៉េ គ្រោងនឹងរៀបចំនៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ភាពរីករាយជូនដល់ប្រជាពលករ និងសហគមន៍ខ្មែរឱ្យសប្បាយរីករាយ និងលើកកម្ពស់ការគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរកាន់តែខ្លាំងនៅតំបន់ហ្វាសង់ មហាវិទ្យាល័យវិទ្យាសាស្ត្រស៊ូវ៉ុន(SUNWON SCIENCE COLLEGE SINTEX)។
ព្រឹត្តិការណ៍នេះ ផ្ដួចផ្ដើមរៀបចំដោយក្រុមហ៊ុនស្រាបៀ GANZBERG, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ, ស្ថានីយទូរទស្សន៍បាយ័ន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV News ពីប្រទេសកូរ៉េ មកកាន់កម្ពុជាវេលាម៉ោង ១រសៀល(ម៉ោងនៅកូរ៉េ) ត្រូវនឹងម៉ោង១១ ថ្ងៃត្រង់ម៉ោងនៅប្រទេសកម្ពុជា។

លោក ស៊ីថូ ណាថាន់ អ្នកអត្ថាធិប្បាយកម្មវិធីប្រដាល់គុនខ្មែរនៅសាធារណរដ្ឋកូរ៉េបាននិយាយថា ក្រុមការងារនឹងដឹកនាំកីឡាករល្បីៗពីកម្ពុជាទៅប្រកួតនៅសាធារណរដ្ឋកូរ៉េរួមមាន កីឡាករពេជ្រ សម្បត្តិ, ប៊ឺត សង្ឃឹម, មឿន សុខហ៊ុច និងកីឡាករ ខាំ នាគរាជ ដែលនឹងចូលរួមប្រកួតជាមួយកីឡាករអន្តរជាតិល្បីៗជាច្រើនរូបទៀត។

លោកបន្តថា សម្រាប់កីឡាករបរទេសចម្រុះជាតិសាសន៍ដែលគ្រោងនឹងចាប់គូរជាមួយកីឡាករកម្ពុជាមកពីប្រទេសចិន, ជប៉ុន, វៀតណាម និងកីឡាករកូរ៉េ ដែលពួកគាត់សុទ្ធជាកីឡាករល្បីៗប្រចាំតំបន់ស្រុករបស់ពួកគាត់។ នៅពេលមានវត្តមានកីឡាករល្បីៗបែបនេះ គឺបងប្អូននៅសាធារណរដ្ឋកូរ៉េ កំពុងរង់ចាំដោយអន្ទះសារ និងចង់ស្រែកហោរកញ្ជ្រៀវយ៉ាងខ្លាំង។

អ្នកអត្ថាធិប្បាយរូបនេះបញ្ជាក់ថា៖«ក្នុងនាមខ្ញុំជាអ្នកអត្ថាធិប្បាយកម្មវិធីកីឡារមួយរូប ខ្ញុំសង្កេតឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់ទៅលើបងប្អូនពលករនៅកូរ៉េបង្កើតឱ្យមានកម្មវិធីសប្បាយៗជាច្រើន ជាពិសេសសហការក្នុងបេសសកម្មនេះ ហើយខ្ញុំក៏មានឱកាសបានស្គាល់បងប្អូនខ្មែរនៅកូរ៉េដែរ។ ខ្ញុំសង្ឃឹមថា បងប្អូននឹងអញ្ជើញមកទស្សនាកម្សាន្តសប្បាយកាន់តែច្រើនថែមទៀត ដើម្បីគាំទ្រវិស័យកីឡារប្រដាល់របស់យើង»។
សូមបញ្ជាក់ថា បច្ចុប្បន្នសហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរ មានប្រមាណជាង ១០ម៉ឺននាក់ដែលកំពុងស្នាក់នៅ ធ្វើការងារ និងសិក្សានៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





