គណៈកម្មាធិការ ICC-ព្រះវិហារ ៖ដោយសារជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃទាំងពីរលើក បានធ្វើឱ្យប្រាសាទព្រះវិហាររងការខូចខាតចំនួន៥៦២កន្លែង ហើយមានសភាពធ្ងន់ធ្ងរដល់ រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងការបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកល
AKP សៀមរាប ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦–គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃ ប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធាន គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយជាសហប្រធាន លោកជំទាវ LI JI កុងស៊ុលស្ថានទូតចិន និងលោកជំទាវបណ្ឌិត Tanu PRIYA អនុប្រធានបេសកកម្មនៃស្ថានទូតឥណ្ឌា។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីអំពីលទ្ធផលកិច្ចប្រជុំពេញអង្គលើកទី១១ អាជ្ញាធរជាតិព្រះវិហារបានបង្ហាញអំពីលទ្ធផលនៃការសិក្សាហានិភ័យបឋម និងការលើកផែនការអភិរក្សបន្ទាន់ ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀតដល់វត្ថុសិល្បៈដែលនៅជ្រុះរាយប៉ាយ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទដែល រងការខូចខាតធ្ងន់ធ្ងរ។ ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារដោយសារជម្លោះប្រដាប់អាវុធទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ សរុបចំនួន៥៦២កន្លែង ហើយមានសភាពធ្ងន់ធ្ងរដល់ រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងការបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកល។ ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានជូនដំណឹងអំពីបេសកកម្មប្រឹក្សាយោបល់បច្ចេកទេសរបស់អង្គការ យូណេស្កូ និង ICOMOS ចុះមកពិនិត្យប្រាសាទព្រះវិហារនៅសប្តាហ៍ទីមួយ ក្នុងខែមីនាកន្លងមក តាមការ អញ្ជើញរបស់កម្ពុជាស្របតាមគោលការណ៍ប្រតិបត្តិសម្រាប់ការអនុវត្តអនុសញ្ញាបេតិកភណ្ឌពិភពលោក។ គោលបំណងនៃបេសកកម្មនេះ គឺដើម្បីវាយតម្លៃស្ថានភាពអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក និងផ្តល់ យោបល់បច្ចេកទេសដើម្បីគាំទ្រដល់ការងារអភិរក្សរយៈពេលវែង ស្របតាមគោលបំណងរបស់អនុសញ្ញា បេតិកភណ្ឌពិភពលោក និងគោលការណ៍ប្រតិបត្តិ។ របាយការណ៍នៃបេសកកម្មនេះនឹងផ្ញើជូនភាគីកម្ពុជា ស្របតាមបេសកកម្មផ្តល់យោបល់បច្ចេកទេស ដែលធ្លាប់បានអនុវត្តកន្លងមក។


លទ្ធផលជារួមរបស់អង្គប្រជុំនេះដែរ លោកជំទាវ សហប្រធានចិន និងឥណ្ឌា ព្រមទាំងបណ្តាប្រទេសជា សមាជិក រួមជាមួយអ្នកជំនាញការអន្តរជាតិ បានប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារនិង ថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ជាពិសេសសហប្រធាន ទាំងពីរបានបង្ហាញអំពីជំហរបន្តកិច្ចការអភិរក្សប្រាសាទព្រះវិហារតាមរយៈវេទិកាពិគ្រោះយោបល់នេះ នៅពេល ដែលស្ថានភាពវិលមកប្រក្រតីភាពវិញ។ អង្គប្រជុំនេះ ក៏បានពិភាក្សាគ្នាអំពីវិធានការបន្ទាន់នានា ដើម្បីអភិរក្សសង្គ្រោះប្រាសាទព្រះវិហារមានដូចជា៖ អនុវត្តការងារបន្ទាន់មួយចំនួនដូចជាការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីធានាដល់ ការងារអភិរក្ស និងគ្រប់គ្រងប្រាសាទព្រះវិហារ។ ការរៀបចំឯកសារវិភាគហានិភ័យប្រាសាទព្រះវិហារនិងបរិវេណភ្នំទាំងមូល។ ការរៀបចំឯកសារអំពីវត្ថុសិល្បៈ និងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់ និងចាត់វិធានការ សង្គ្រោះបន្ទាន់៕


ដោយ៖ ឃុត សៅ





