ការលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រី និងក្មេងស្រីសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានជា បន្តបន្ទាប់
AKP ព្រះសីហនុ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦–ការលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រី និងក្មេងស្រី និងការគាំទ្រគោលនយោបាយលើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈ តួនាទី សុខុមាលភាពស្ត្រីនៅកម្ពុជាសម្រេចបាននូវ សមិទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ នេះជាការលើកឡើងរបស់ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ក្នុងឪកាស អបអរសាទរខួបលេីកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ "សន្ដិភាព និងសន្ដិ សុខសម្រាប់ស្ដ្រី និងគ្រួសារ" ដែលរៀបចំធ្វើឡើងនៅមន្ទីរកិច្ចការនារីខេត្តព្រះសីហនុ ស្ថិតនៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ។
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានបញ្ជាក់ថា ជា រៀងរាល់ឆ្នាំ មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ តែងតែរៀបចំប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ហើយឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងមកដែរ ដែលមន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បានរៀបចំទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ "សន្ដិភាព និងសន្ដិសុខសម្រាប់ស្ដ្រី និងគ្រួសារ" មិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬពិភព លោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ ជីវិតប្រចាំថ្ងៃរបស់ស្ត្រី និងក្រុមគ្រួសារ។ ជាពិសេសការលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រី និងក្មេងស្រី និងការគាំទ្រគោលនយោ បាយលើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈ តួនាទី សុខុ មាលភាពស្ត្រីនៅកម្ពុជា សម្រេចបាននូវសមិទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់។ ដើម្បីកសាង និងថែរក្សាសន្តិភាពយូរអង្វែងជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាព សង្គម។ ការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាព នយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ និងធានានូវសុខុមាលភាព និងការរស់នៅរបស់ប្រជាជនប្រកប ដោយសុខដុមរមនា។


ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ទោះបីជាត្រូវប្រឈមនឹងការលំបាក និងឧបសគ្គទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅយ៉ាងណាក្តីកម្ពុជារក្សាបាននូវសន្តិភាពក្នុងផ្ទៃប្រទេស ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលបានផ្តល់ភាពអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាលំនឹង នៃជីវភាពរបស់ប្រជាជន។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ កន្លងមក កម្ពុជាបានបោះ ជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ជាមួយចក្ខុវិស័យច្បាស់លាស់ ហើយស្ថេរ ភាពនយោបាយ និងសន្តិសុខត្រូវបានការពារយ៉ាងរឹងមាំ លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ សេដ្ឋកិច្ចជាតិបន្តលូតលាស់ប្រកបដោយចីរភាព ជីវ ភាពប្រជាជន មានស្ថិរភាព ហើយរាល់កំណែទម្រង់នានាត្រូវបានអនុវត្តប្រកបដោយឆន្ទៈមុតស្រួច និងមានប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព។


ឯកឧត្តម បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិ ភាពនៅក្នុងរបៀបវារក្នុងគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្ត្រីគឺជាស្នូល»។ រាជរដ្ឋាភិបាល បានបន្តបង្កើនការវិនិយោគ លើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព សាធារណៈ ដើម្បីទាញ យកអត្ថប្រយោជន៍ពីភាគ លាភយេនឌ័រ ការបង្កលក្ខណៈអំណោយផល ដល់ស្ត្រីក្នុងការប្រើសិទ្ធិក្នុងការសម្រេចចិត្តលើផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រ និងការលើកកម្ពស់សិទ្ធិស្រ្តី និងក្មេង ស្រី៕

ដោយ៖ ងូ សុមុនី





