អង្គការ World Vision ផ្តល់ទឹកស្អាត ដល់មណ្ឌលសុវត្ថិភាព ជនភៀសសឹក ខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦--នៅមណ្ឌលសុវត្ថិភាពក្នុង ខេត្តឧត្តរមានជ័យ អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា World Vision នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានគាំទ្រដល់គ្រួសារដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននាពេលកន្លងទៅ ដោយផ្តល់ទឹកស្អាត និងណែនាំពីការរក្សាអនាម័យដល់បងប្អូនដែលរស់នៅក្នុងមណ្ឌលសុវត្ថិភាព ។

ក្រុមការងារអង្គការ World Vision បានខិតខំប្រឹងប្រែងដើម្បីធានាថាគ្រួសារដែលងាយរងគ្រោះ ជាពិសេសកុមារអាចរក្សាសុខភាពបានល្អ ត្រូវបានការពារ និងមានទឹកស្អាតគ្រប់គ្រាន់ក្នុងអំឡុងពេលដ៏លំបាកនេះ។

ក្នុងផ្នែកមួយនៃការឆ្លើយតបនេះ ផលិតផលបន្សុទ្ធទឹក ៤ ៣២០ (៦៤៣ ប្រអប់) រួមជាមួយសម្ភារៈចម្រោះទឹកសំខាន់ៗ និងខិត្តប័ណ្ណណែនាំអំពីការរក្សាអនាម័យ ត្រូវបានចែកជូនប្រជាពលរដ្ឋ ដើម្បីជួយកាត់បន្ថយជំងឺរាករូស និងប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាព។ កិច្ចខិតខំប្រឹងប្រែងនេះ បានគាំទ្រដល់ប្រជាពលរដ្ឋសរុបចំនួន ២ ១៧៤ នាក់ រួមទាំងកុមារចំនួន ៤៩៧ នាក់ ដែលក្នុងនោះ ២៦៣ នាក់ជាក្មេងស្រី ។

ការគាំទ្ររបសើអង្គការ World Vision នេះមិនត្រឹមតែនាំនូវទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវក្តីសង្ឃឹមថ្មី សុខភាពកាន់តែប្រសើរ និងការយល់ដឹងពីរបៀបទទួលបានសុវត្ថិភាពកាន់តែប្រសើរដល់សហគមន៍ និងកុមារដែលត្រូវការការគាំទ្រចាំបាច់ ៕
ដោយ ៖ណយ នឿន (ប្រភព៖World Vision)





