កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង៖ ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើពុករលួយ មិនមែនជាជម្រើស ប៉ុន្តែជាកាតព្វកិច្ច
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ -- កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានគូសបញ្ជាក់ថា ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើពុករលួយ មិនមែនជាជម្រើស ប៉ុន្តែជាកាតព្វកិច្ច ហើយសូមឱ្យយើងទាំងអស់គ្នាប្តេជ្ញាចិត្តសហការគ្នា ដើម្បីកសាងប្រព័ន្ធដែលបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រសិទ្ធភាព។ ការគូសបញ្ជាក់របស់កិត្តិនីតិកោសលបណ្ឌិតបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី«គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភំពេញ។

កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា តម្លាភាព និងគណនេយ្យភាព ជាសសរស្ដម្ភដ៏សំខាន់២ នៃអភិបាលកិច្ចល្អ ហើយមានទំនាក់ទំនងជិតស្និតនឹងគ្នា តែមានអត្ថន័យដាច់ពីគ្នា។ គណនេយ្យភាពជាកាតព្វកិច្ចរបស់បុគ្គល/ស្ថាប័នក្នុងការទទួលខុសត្រូវលើការសម្រេចចិត្ត លើលទ្ធផលនៃសកម្មភាពរបស់ខ្លួន។ ឯតម្លាភាព គឺជាការបើកចំហរព័ត៌មាន និងដំណើរការការងារ ដើម្បីឱ្យអ្នកពាក់ព័ន្ធ/សាធារណៈជនអាចមើលឃើញ អាចយល់បានយ៉ាងច្បាស់។ កិត្តិនីតិកោសលបណ្ឌិត បានបញ្ជាក់ថា ហេតុនេះ តម្លាភាព ទាក់ទងនឹងការទទួលព័ត៌មានឱ្យបានទាន់ពេល ត្រឹមត្រូវ និងងាយយល់ មានភាពច្បាស់លាស់ មិនលាក់បាំងនូវរបៀវវារៈ ឬលាក់បាំងផលប្រយោជន៍ផ្ទាល់ខ្លួននៅពីក្រោយការសម្រេចចិត្ត។ កិត្តិនីតិកោសលបណ្ឌិតបានសង្កត់ធ្ងន់ថា៖ « តម្លាភាព តម្រូវឱ្យមានការតាមដាន មានយន្តការត្រួតពិនិត្យ ដើម្បីធានាថាគ្មានអំពើពុករលួយ ឬការធ្វើខុស»។

ជាមួយគ្នានេះ កិត្តិនីតិកោសលបណ្ឌិត ក៏បានលើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយមានផែនការជាយុទ្ធសាស្រ្ត ៣មុខព្រួញ ១) ការអប់រំ ២) ការបង្ការទប់ស្កាត់ ៣) ការបង្រ្កាបបទល្មើសពុករលួយ ស្របនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺធ្វើឱ្យម្នាក់ៗប្រកាន់យកផ្នត់គំនិត មិនចង់ មិនអាច និងមិនហ៊ានពុករលួយ»។ កិត្តិនីតិកោសលបណ្ឌិត បានបញ្ជាក់បន្ថែមថា តាំងពីយុទ្ធសាស្ត្រត្រីកោណ ចតុកោណ មកដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តវរភាពគំរូរបស់ សម្តេចតេជោ ហ៊ុន សែន ដោយលើកកម្ពស់បន្ថែមទៀតនូវបាវចនា ៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្តោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។

កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានសម្តែងនូវការអបអរសាទរចំពោះក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបាននាំមកនូវកិត្យានុភាពជូនជាតិ មាតុភូមិកម្ពុជា ដោយនៅដើមឆ្នាំ២០២៦ នេះ ទទួលបានពាន់រង្វាន់ចំនួន២ ទី១) ពាន់រង្វាន់មាសឌីជីថលអាស៊ានឆ្នាំ២០២៦ និងទី២) ពានរង្វាន់ទទួលស្គាល់ជាសាកលសម្រាប់ឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម។
សូមជម្រាបជូនថា សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃពេញដោយមានការចូលរួមផ្ទាល់ពីតំណាងក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធសំខាន់ៗ តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបប្រមាណ ១ ៩០០ រូប (២៥០ រូប អញ្ជើញចូលរួមផ្ទាល់ និង ១ ៦៥២ រូប ទៀត ជាអភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ អមដោយមន្រ្តីអនុវត្តកម្មវិធីទូទាំងប្រទេសចូលរួមតាមប្រព័ន្ធអនឡាញ)។ ទន្ទឹមនេះ ដើម្បីលើកកម្ពស់គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គម និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់មន្រ្តីអនុវត្តន៍កម្មវិធីឃុំ សង្កាត់ទូទាំងប្រទេស ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)៕
ដោយ៖ មករា





