ឯកឧត្តម អ៊ុ សារឹទ្ធ៖ សន្តិភាពមានតម្លៃលើសអ្វីៗទាំងអស់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម អ៊ុ សារឹទ្ធ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃលើសអ្វីៗទាំងអស់ ហើយថា ក្នុងរយៈពេលជាង២៧ឆ្នាំចុងក្រោយបន្ទាប់ពីបានសម្រេច និងរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផលលាភសន្តិភាព បាន និងកំពុងបានផ្តល់ឧត្តមប្រយោជន៍សម្រាប់វឌ្ឍនភាពផ្នែកសេដ្ឋកិច្ច និងសង្គម ដែលកម្ពុជាសម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាបំផុតលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងទាំងខាងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលបានរស់នៅយ៉ាងសុខសាន្តប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន។

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ សារឹទ្ធ បានរម្លឹកឱ្យបន្តចូលរួមទាំងអស់គ្នាក្នុងការថែ រក្សាសន្តិភាព ព្រោះសន្តិភាពមានតម្លៃលើសអ្វីៗទាំងអស់។ ដោយឡែក សម្រាប់ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំ ក្នុងស្រុកស្វាយទាបនាពេលនេះ ។

ឯកឧត្តម អ៊ុ សារឹទ្ធ បានបញ្ជាក់ថា ពិធីនេះគឺធ្វើឡើងក្នុងគោលបំណងជួបដោយផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ ដើម្បីស្តាប់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ឬតម្រូវការជាអាទិភាព ទិសដៅ និងការប្ដេជ្ញាចិត្ត ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ ដែលឃុំសង្កាត់នីមួយៗបានដាក់ចេញកន្លងមក និងការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីរួមគ្នារិះរកវិធីដោះស្រាយតាមសមត្ថកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





